ឯកឧត្តមអភិបាលខេត្តណែនាំឱ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូល លើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» សម្រាប់ចម្លាក់ និងបរិយាយឆ្លាក់នៅស្តូបអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ កោះកុង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនៅក្នុងសិក្ខាសាលានេះឡើងក្នុងគោលបំណងប្រមូលនូវរាល់មតិយោបល់ ពិភាក្សា និងធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមទៅលើកម្រងឯកសារស្រាវជ្រាវប្រវត្តិសាស្ត្រ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានតម្លៃខ្ពស់ ក្នុងការរៀបចំជាផ្ទាំងចម្លាក់ និងអត្ថបទបរិយាយឆ្លាក់នៅលើតួស្តូបអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ ក្នុងខេត្តកោះកុង ដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជាការងារចងក្រងឯកសារដ៏មានតម្លៃទាំងនេះ មិនត្រឹមតែបម្រើឱ្យការតាំងពិព័រណ៍នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរក្សាទុកនូវកេរដំណែល និងសមិទ្ធផលនានា សម្រាប់ឱ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រ និងយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំ និងជំរុញដល់អង្គសិក្ខាសាលាទាំងមូលត្រូវរួមគ្នាពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» ឱ្យបានល្អិតល្អន់ ច្បាស់លាស់ និងលឿនរហ័ស ដើម្បីធានាថាខ្លឹមសារបរិយាយ និងទម្រង់ចម្លាក់ដែលត្រូវដំឡើងនៅស្តូបអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ កោះកុង មានលក្ខណៈត្រឹមត្រូវតាមទិដ្ឋភាពប្រវត្តិសាស្ត្រ។ ចម្លាក់ និងអត្ថបទបរិយាយទាំងអស់ត្រូវតែបង្ហាញឱ្យឃើញពីការលះបង់ សាច់ស្រស់ឈាមស្រស់ របស់វីរយុទ្ធជន យុទ្ធនារី ក៏ដូចជាការវិវត្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្រោយទទួលបានពន្លឺសន្តិភាព។ ឯកឧត្តមបានរំលឹកថា វិមានឈ្នះ-ឈ្នះ មិនត្រឹមតែជាសំណង់និមិត្តរូបនៃសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាបណ្ណាល័យរស់ ជាឃ្លាំងផ្ទុកទិន្នន័យប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់ឱ្យប្អូនៗសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជំនាន់ក្រោយបានសិក្សារៀនសូត្រ យល់ដឹងពីតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាការពារឱ្យបានគង់វង្ស។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួមផ្តល់មតិ និងធាតុចូលដ៏មានតម្លៃ ដើម្បីញ៉ាំងឱ្យកិច្ចការរៀបចំឯកសារប្រវត្តិសាស្ត្រសម្រាប់ពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង ទទួលបានជោគជ័យស្របតាមការគ្រោងទុក៕
ដោយ៖ ម៉ែន ប៊ុនធីម





