សម្ដេចតេជោប្រមុខរដ្ឋស្ដីទី គូសរំលេចថា ប្រទេសហុងគ្រី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសរំលេចថា ប្រទេស ហុងគ្រី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដល់ពេលនេះ មានថ្នាក់ដឹកនាំកម្ពុជា មួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី ហើយកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ក្នុងខណៈដែលឯកឧត្ដមបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូតហុងគ្រី ក្នុងពេលដែលឯកឧត្ដមបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ឆ្នាំ បានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី កាន់តែមានភាពរឹងមាំ។ សម្ដេចតេជោបានលើកឡើងថា ទោះបីជាកម្ពុជា និងហុងគ្រី នៅឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ហើយមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានអាយុកាល ៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៍យូរអង្វែងមកជាមួយគ្នា។

ជាមួយគ្នានេះ ឯកឧត្តម Tibor BALOGHDI បានសម្ដែងនូវការអរគុណជាអនេកកប្បការ ដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្ដម និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសនេះ។ ឯកឧត្ដមបានបញ្ជាក់ថា ជាកិត្តិយសសម្រាប់ឯកឧត្ដមណាស់ ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា។ ឯកឧត្ដមបានលើកសរសើរប្រទេសកម្ពុជា ថា ជាប្រទេសដ៏ស្រស់ស្អាត មានភាពរីកចម្រើនដែលឯកឧត្ដមបានឃើញផ្ទាល់ភ្នែក ជាពិសេសជីវភាពប្រជាជនមានភាពល្អប្រសើរឡើងជាលំដាប់។ ឯកឧត្ដមបានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រីមានភាពរីកចម្រើន ជាពិសេសគឺការសហការគ្នា ទាំងក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតហុងគ្រី បានអរគុណជាពន្លឹកដែលស្ថាប័នរបស់ប្រទេសកម្ពុជាទាំងអស់ បានសហការក្នុងពេលដែលឯកឧត្ដមបានបំពេញបេសកម្មការទូតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានរំលេចដែរថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ហើយឯកឧត្ដមសង្ឃឹមថា ទំហំពាណិជ្ជកម្ម ឬការសហការសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី កាន់តែរីកចម្រើនតទៅមុខទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូតហុងគ្រី ក៏បានលើកឡើងផងដែរថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាង កម្ពុជា និងហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នា ក្នុងការរៀបចំក្នុងការប្រារព្ធពិធីក្នុងការអបអរសាទរនៃខួប៧០ឆ្នាំ ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណជាអនេកកប្បការចំពោះការលើកឡើងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតដែលរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី។ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានលើកឡើងទៀតថា ហុងគ្រីជាប្រទេសមួយ ដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនលើក ក្នុងចំណោមប្រទេសដែលសម្ដេចបានអញ្ជើញទៅ តាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេសមកម្ល៉េះ ហើយមានអនុស្សាវរីយ៍ជាច្រើនក្នុងការពង្រីកនូវទំនាក់ទំនងនេះ។ សម្ដេចតេជោ ក៏បានសម្ដែងនូវការពេញចិត្តថា នៅពេលបច្ចប្បន្ននេះតាមរយៈទំនាក់ទំនងដ៍រឹងមាំនៃប្រទេសទាំងពីរ គឺការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍រម្លឹកថា កាលពីឆ្នាំ២០១៩កន្លងទៅ សម្ដេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហុងគ្រី ក្រោយមកប្រធានាធិបតីនៃប្រទេសហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដែរ ដែលប្រការនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៍ស្អិតរមួតរវាងប្រទេសទាំងពីរ បើទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក្ដី ក៏ប៉ុន្តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនេះនៅតែរឹងមាំ៕
ដោយ៖ ជឹម ណារី





