រដ្ឋមន្ត្រីក្រសួងអប់រំអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាករហូតទទួលបានជោគជ័យក្នុងការសិក្សា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រ CAT ឆ្នាំសិក្សា ២០២៥ នៃវិទ្យាស្ថានខេមអេដ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាករហូតទទួលបានជោគជ័យក្នុងការសិក្សានិងទទួលសញ្ញាបត្រនាពេលនេះ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយលើជំនាញហិរញ្ញវត្ថុ និងគណនេយ្យ ដែលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងតំបន់ និងសកលលោក។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីទាំងអស់ឱ្យបន្តទស្សនាទានក្នុងការសិក្សារៀនសូត្រពេញមួយជីវិត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ក្នុងការដើរឱ្យទាន់នូវការប្រែប្រួលយ៉ាងរហ័សនៃបរិវត្តកម្មឌីជីថល និងសកលភាវូបនីយកម្ម ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានក្នុងការជ្រោមជ្រែងដល់ការអប់រំរបស់បុត្រធីតា ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ ហើយជឿជាក់ថា ស្មារតីនៃការចូលរួមចំណែកផ្ដល់ឱកាសអប់រំប្រកបដោយបរិយាបន្នរបស់វិទ្យាស្ថានខេមអេដ និងការលះបង់របស់ក្រុមគ្រួសាររបស់សិស្សានុសិស្ស នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនជំនាន់ក្រោយក្លាយជាអ្នកដឹកនាំប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





