ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បន្តចុះសួរសុខទុក្ខកម្មការិនីរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះសួរសុខទុក្ខដល់កម្មការិនីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដពីសុខភាព ស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានជូនពរដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល សូមឱ្យឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល សូមបន្តការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិភាក្សា ទំនាក់ទំនង និងសហការគ្នា ជាពិសេសបច្ចេកទេសនៃការព្យាបាល ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី «អំពាវនាវដល់ពលរដ្ឋអ្នកដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បញ្ចៀសបានពីការកើតមានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ។»
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





