ឯកឧត្តម សុខ លូ នាំអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥៩គ្រួសារនៅ ឃុំស្នឹង ស្រុកបាណន់
AKP បាត់ដំបង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន ៥៩គ្រួសាររស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះ។ សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរង គ្រោះបំផុតនៅតាមសហគមន៍ដែលត្រូវការឱ្យជួយជាចាំបាច់។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវបន្តរក្សាស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





