អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាឈ្នះមេដាយ ១៦គ្រឿងការប្រកួតអន្តរជាតិ នៅម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦--កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា នៃក្រុមជម្រើសជាតិយុវជនកម្ពុជាដណ្តើមបានមេដាយមាស១៥គ្រឿង និងមេដាយប្រាក់១គ្រឿង សរុប១៦គ្រឿង នៅក្នុងការប្រកួត The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសម៉ាឡេស៊ី តាមរយៈសារអេឡិចត្រូនិក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ហែមថុន ពន្លឺ គ្រូបង្វឹកហែលទឹកពាក់ជើងទាកម្ពុជាបានឱ្យដឹងថា ការប្រកួត The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 នេះមានប្រទេសចូលរួម ដូចជា កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ឥណ្ឌា និងអត្តពលិកម្ចាស់ផ្ទះ ម៉ាឡេស៊ី ២០ក្លឹប (២០ក្លឹបបូក៤ប្រទេស) ចូលរួមប្រកួតប្រជែងមេដាយ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ២២៣នាក់។

គ្រូបង្វឹកកីឡាហែលទឹកពាក់ជើងទាកម្ពុជារូបនេះសង្កត់ធ្ងន់ថា សម្រាប់ការចូលរួមប្រកួតរបស់កីឡាករយុវជនកម្ពុជាបានបំបែកកំណត់ត្រាថិរៈវេលាបានល្អច្រើន ហើយបច្ចេកទេសហែលទឹកនេះក៏កីឡាករ កីឡាការិនីកម្ពុជាធ្វើបានល្អច្រើនផងដែរ។


ចំពោះជ័យលាភីមេដាយសរុបចំនួន ១៦គ្រឿងរបស់កម្ពុជា រួមមាន៖ ១.កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស ៤គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface, ២.កីឡាការិនី លឹម សុខគន្ធពណ៌ ទទួលបានមេដាយមាស ២គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins, ៣.កីឡាករ លឹម សុខវារៈស័ក្កិ ទទួលបានមេដាយមាស ៤គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface, ៤.កីឡាករ លឹម នរវិទូ ទទួលបានមេដាយមាស ៤គ្រឿង លើវិញ្ញាសា 50m AP & 50m Bi-Fins & 50m, 100m Surface និងមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា 100m Bi-Fins, ៥.កីឡាករ លឹម សុខវារៈស័ក្កិ, កីឡាករ លឹម នរវិទូ, កីឡាការិនី លឹម សុគន្ធពណ៌ និងកីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសា 4x50m Mixed SB Relay៕ ដោយ ហេង ណាលីន

គួរបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ កីឡាការិនី៥នាក់ ទៅប្រកួតនៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦នេះ មានចំនួន ៦នាក់ ដឹកនាំដោយលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក។ ការបញ្ជូនចូលរួមការប្រកួតនេះត្រូវបានលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា គឺដើម្បីចង់ឱ្យ ធនធានកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាចូលរួមប្រកួតកម្រិតអន្តរជាតិឱ្យបានច្រើន ព្រោះការប្រកួតមានសារៈសំខាន់ណាស់សម្រាប់អត្តពលិក៕
ដោយ ហេង ណាលីន





