តំណាងរដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាពជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់អាស៊ាន និងកសាងតំបន់ដែលមានសុខភាពល្អ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦--ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព (FitASEAN) ក្រោមប្រធានបទ លើកកម្ពស់ហាត់ប្រាណ សហគមន៍មានការអភិវឌ្ឍនេះ ជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីកសាងតំបន់ដែលមានសុខភាពល្អ និងមានទំនាក់ទំនងគ្នាកាន់តែច្រើន តាមរយៈកីឡា និងសកម្មភាពរាងកាយ និងថែមទាំងពង្រឹងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជនរបស់ប្រជាជាតិអាស៊ានផងដែរ។

នេះជាការលើកឡើងរបស់ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា នៅក្នុងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព ដែលបានធ្វើឡើងនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាគណៈអធិបតីឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ប៉ុន សុខ អគ្គនាកនៃអគ្គនាយដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា នៅលើពិភពលោកនាពេលបច្ចុប្បន្ន មានការបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ការថែរក្សាសុខភាពល្អ ពិតជាមានសារសំខាន់ជាងពេលណាៗទាំងអស់។ សុខភាពរាងកាយមិនត្រឹមតែជាកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិន័យ សុខុមាលភាពផ្លូវចិត្ត និងរបៀបរស់នៅជាវិជ្ជមាន។ ព្រឹត្តិការណ៍ដូចនេះ ក៏ជាការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង NCD ផងដែរ។ តាមរយៈនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីការលើកកម្ពស់សុខភាព និងកីឡាបានសហការគ្នា ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារសំខាន់ នៃការធ្វើចលនារាងកាយ ការបរិភោគចំណីអាហារ ក្នុងគោលដៅលើកកម្ពស់សុខភាព សុខុមាលភាពនិងសេដ្ឋកិច្ចរបស់ប្រជាជន និងសហគមន៍ ដែលជាសរសរស្តម្ភ និងមូលដ្ឋាននៃការអភិវឌ្ឍសង្គមប្រកបដោយចីរភាព វិបុលភាព។

ឯកឧត្តម កែ ប៊ុនខៀង មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាននេះ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារនេះ កាលពីឆ្នាំ២០២៣ ជាសមិទ្ធផលមួយបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ដោយទទួលបានការកោតសរសើរពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានជម្រាបជូនថា ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦របស់នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន និងទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទិវាអាស៊ានហាត់ប្រាណ Fit ASEAN ឆ្នាំ២០២៦ នៅសួនច្បារព្រះនាងប្រាជ្ញាបារមីនេះ ដែលជាតំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន។

លោក ប៉ែន វុទ្ធី បន្ថែមថា ទិវានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ បំផុស ឱ្យប្រជាជននៅក្នុងសហគមន៍ ចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព ផ្លូវកាយ ផ្លូវចិត្ត មិត្តភាព សាមគ្គីភាព ភាពសប្បាយរីករាយ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ក្រោមប្រធានបទ “លើកកម្ពស់ហាត់ប្រាណ សហគមន៍មានការអភិវឌ្ឍ”។ ការរៀបចំទិវាអាស៊ានហាត់ប្រាណ Fit ASEAN ឆ្នាំ២០២៦នេះ មានប្រភេទកីឡាមួយចំនួន រួមមាន ហាត់ប្រាណតាមចង្វាក់ភ្លេង និងហាត់ប្រាណជាមួយឧបករណ៍ កីឡាវាយកូនឃ្លីលើតុបុរស-នារី កីឡាវាយសីបុរស-នារី។ ជាមួយគ្នានេះក៏ការធ្វើតេសកាយសម្បទា មានវាស់កម្ពស់ ថ្លឹងទម្ងន់ មើលខ្លាញ់រាងកាយ សាច់ដុំ ឆ្អឹង បរិមាណទឹក ខ្លាញ់ក្បាលពោះ កាឡូរីប្រចាំថ្ងៃ និងមានលំហាត់ប្រាណសំខាន់ៗមួយចំនួនទៀត។ ទិវានេះមានការចូលរួមពីសិស្សានុសិស្ស មន្ត្រីរាជការ ប្រជាជនទូទៅ គណៈកម្មការបច្ចេកទេសសរុបប្រមាណ ៧០០ នាក់៕
ដោយ ហេង ណាលីន





