ឯកឧត្តម កៅ ថាច ជួប សំណេះសំណាល ប្រជាកសិករក្នុងស្រុកកណ្តាលស្ទឹង
AKP កណ្តាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦– ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) និងលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។សមាគមបណ្តាញកសិករតេជោ ជាស្ពានចម្លងផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ហើយការធ្វើកសិកម្មដែលទទួលបានផលចំណេញ ដោយជួយកសិករ ត្រូវដឹងពីរបៀបរកថ្លៃដើមផលិតឲ្យឃើញ ចេះសម្រេចចិត្តត្រឹមត្រូវក្នុងការលក់កសិផលថាចំណេញ ឬខាត។

ឯកឧត្ដមបណ្ឌិតប្រតិភូបានបន្ថែមថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងបាត់បង់សណ្តាប់ធ្នាប់និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល ដូច្នេះ កសិកម្មគឺជាឆ្នាំងបាយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឆ្នាំងបាយសម្រាប់ពិភពលោកផងដែរ ។ ឥឡូវពិភពលោក កំពុងប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈ ជីឡើងថ្លៃដែលធ្វើឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ ដូច្នេះសូមកសិករពិចារណាក្នុងការស្វែងយល់ដោយខ្លួនឯង ក្នុងការប្រើប្រាស់ជីដែលចំណេញដល់ការធ្វើកសិកម្ម។ ដូច្នោះបងប្អូនប្រជាកសិករ គួរនាំគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ឱ្យបានច្រើន ដើម្បីធានាគុណភាព និងសុវត្ថិភាព ដល់អ្នកបរិភោគ។ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺជាឱកាសល្អសម្រាប់ការធ្វើកសិកម្ម ជាមុខរបរដែលកំពុងពេញនិយម ហើយយើងត្រូវតែបង្កើនការផលិត ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ គិតគូពីសុខភាពរបស់អ្នកប្រើប្រាស់ ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។ ឯកឧត្តម បានជំរុញឱ្យកសិករចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីផលប្រយោជន៍របស់កសិករ និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួលឱ្យកសិករអាចចូលជាសមាជិកបានលឿនផងដែរ។

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាលមានតម្រូវការអង្ករសម្រាប់ផ្គត់ផ្គង់ខេត្ត ១៩៤ ២០៥ តោនក្នុងមួយឆ្នាំ ដូចនេះបើធៀបនឹងផលិតផលអង្ករដែលកសិករផលិតបានបំពេញតម្រូវការទីផ្សាររបស់ខេត្តរួចរាល់ និងនៅសល់អាចនាំចេញអង្ករចំនួន ៣៩៥៦៤តោន គិតជាស្រូវ ៦១ ៨១៨ តោន។ ដំណាំដាំដុះ និងបន្លែគ្រប់មុខផលិតបានចំនួន ១៨៥.២២២តោនក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ទីផ្សារបានចំនួន ៥០៧,៤៦ តោនក្នុងមួយយថ្ងៃ ។ ចំពោះការចិញ្ចឹមសត្វនៅក្នុងខេត្តកណ្តាលបែងចែកជាពីរ គឺការចិញ្ចឹមលក្ខណៈគ្រួសារ និងលក្ខណៈកសិដ្ឋានដែលមាន ចំនួនដូចខាងក្រោម៖ គោសរុប ៣៩ ១២១ ក្បាល ក្របីសរុប ១ ៦៤៤ក្បាល ជ្រូកសរុប ៣២ ១៩៧ ក្បាល មាន់ ១ ៩៥០ ៥៦៣ក្បាល ទា និងបក្សីផ្សេងៗ ៥៤៣ ៩៩៥ ក្បាល ពពែ និងចៀម ៦ ២៩១ក្បាល ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





