អភិបាលស្រុកស្ទោង÷ថវិកាគម្រោងជំនួយសេវាសង្គម របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខពលរដ្ឋងាយរងហានិភ័យ
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានលើកឡើងថាថវិកាគម្រោងជំនួយសេវាសង្គមរបស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខទុក្ខពលរដ្ឋងាយរងហានិភ័យក្នុងឱកាសដែលលោកអញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងហានិភ័យ និងរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បងប្អូនប្រជាកសិករត្រូវសិក្សាស្វែងយល់បន្ថែម និងធ្វើការផ្លាស់ប្ដូរទម្លាប់បុរាណមួយចំនួនជាពិសេសការដាំដុះធ្វើស្រែប្រាំងជាមួយការប្រកបរបរអាជីវកម្មការធ្វើដំណាំចំការដាំដុះឬចិញ្ចឹមសត្វបែបលក្ខណវិទ្យាសាស្ត្រ បម្រែបម្រួលអាកាសធាតុ ព្រមទាំងឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចសកលដើម្បីបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត និងបានលើកទឹកចិត្តដល់ឪពុកម្ដាយ អាណាព្យាបាលគ្រប់រូបត្រូវជំរុញលើកទឹកចិត្ត ដល់ការសិក្សារៀនសូត្រដល់បុត្រធីតានិងកូនចៅរបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ដើម្បីសេដ្ឋកិច្ចវាសនាអនាគតខ្លួនឯង ជាពិសេសសមស្របតាមបរិបទសង្គមនិងវិទ្យាសាស្ត្រ។ ត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងប្រទេសជាតិទាំងមូលថែមទៀត។

លោកសាយ គឹមឡម អភិបាលសុខស្ទោងបានកោតសរសើរខ្ពស់ដល់រដ្ឋបាលឃុំចំណាក្រោមដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក និងដូចនៅក្នុងឱកាសនេះ។លោកក៍បានលើកទឹកចិត្តដល់បណ្ដាឃុំផ្សេងៗត្រូវធ្វើកម្មសិក្សានៅសាលាឃុំចំណាក្រោមជាគំរូ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង៩០នាក់ក្នុង១នាក់ទទួលបាននូវ÷ អង្ករ១បេ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់១៨នាក់ ក្នុង១នាក់ទទួលបានកៅស៊ូតង់០១បន្ថែម៕
ដោយ ស៊ុម វណ្ណា





