គ្រួសារកងទ័ពជួរមុខជាង ២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងជំនួយឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ជីវភាពរស់នៅ សុខុមាលភាព និងមនោសញ្ចេតនាចំពោះគ្រួសារយុទ្ធជននៅជួរមុខ នៅតែជាអាទិភាពដ៏ចម្បង និងមិនអាចខ្វះបានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ គ្រួសារកងទ័ពជួរមុខសរុបចំនួន ២២៦គ្រួសារ ចំណុះឱ្យកងពលតូចថ្មើរជើងលេខ៥១ ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ពិធីប្រគល់អំណោយដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី, ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ ដោយបានចុះទៅប្រគល់ជូនផ្ទាល់ដល់ដៃគ្រួសារកងទ័ពមកពី ៣ អង្គភាព រួមមាន វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន ១០២ គ្រួសារ, វរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន ១០៧ គ្រួសារ,វរសេនាតូចថ្មើរជើងលេខ៥១១ ចំនួន ១៧ គ្រួសារ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនកងទ័ព និងគ្រួសារកងទ័ពទាំងអស់។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះ សុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព ក៏ដូចជាគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង ដោយ «មិនទុកចោលនរណាម្នាក់ឡើយ»។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរ:ភាពដ៏អង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនយុទ្ធជនក្នុងការការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាបងប្អូនកងទ័ព គឺជាបង្អែកដ៏រឹងមាំរបស់ជាតិ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល តែងតែចងចាំ និងដឹងគុណជានិច្ចចំពោះរាល់ការលះបង់ដ៏ឧត្តុង្គឧត្តមនេះ។
ជាការឆ្លើយតប នៅក្នុងទិដ្ឋភាពដ៏សែនរំភើប តំណាងគ្រួសារកងទ័ពដែលបានទទួលអំណោយ បានសម្តែងនូវក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យទាំងអស់ ដែលតែងតែនៅក្បែរ និងមិនដែលបោះបង់ពួកគេចោលក្នុងគ្រប់កាលៈទេសៈ។

តំណាងគ្រួសារកងទ័ពម្នាក់បានលើកឡើងទាំងក្តីរំភើបថា ពួកយើងមានមោទនភាពណាស់ដែលមានស្វាមី និងកូនចៅជាកងទ័ពការពារជាតិ។ នៅពេលដែលឃើញថ្នាក់ដឹកនាំ ពិសេសគឺសម្តេចនាយករដ្ឋមន្ត្រី លោកតែងតែនឹកគិត និងផ្ដល់ជំនួយឧបត្ថម្ភដល់គ្រួសារយើងខ្ញុំបែបនេះ វាគឺជាកម្លាំងចិត្តដ៏ធំធេងបំផុត។ អំណោយទាំងនេះមិនត្រឹមតែជួយសម្រាលជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីតម្លៃនៃការយកចិត្តទុកដាក់ និងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់គ្រួសារកងទ័ពយើងខ្ញុំ។
ស្ត្រីជាភរិយាកងទ័ពរូបនេះបានបន្ថែម ជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំថា គ្រួសារកងទ័ពទាំងអស់នឹងបន្តរៀបចំផ្ទះសម្បែងឱ្យក្លាយជាជួរក្រោយដ៏រឹងមាំ គាំទ្ររាជរដ្ឋាភិបាល និងជម្រុញលើកទឹកចិត្តឱ្យស្វាមី កូនចៅ បន្តបំពេញភារកិច្ចបម្រើជាតិ និងការពារទឹកដីឱ្យបានកាន់តែរឹងមាំទ្វេដង ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំ៕
ដោយ ឈុន សារ៉ាត





