គម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង ដាក់ប្រអប់សំបុត្រ៦០ ដើម្បីជួយបង្កើនប្រសិទ្ធិភាពគម្រោងរេដបូក
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ -- ការដាក់ប្រអប់សំបុត្រសម្រាប់ផ្តល់មតិយោបល់និងបណ្តឹងតវ៉ា ត្រូវបានដំឡើងជាថ្មីនៅក្នុងភូមិចំនួន៦០ ដែលជាភូមិគោលដៅនៅក្នុងគម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពីគម្រោងរេដបូកតំបន់ទេសភាពភាគខាងជើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ។

ការកំណត់ទីតាំងសម្រាប់ដំឡើងប្រអប់សំបុត្រទាំងនេះក៏ត្រូវបានពិគ្រោះយោបល់ជាមួយសហគមន៍ ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ ប្រអប់សំបុត្រសម្រាប់ផ្តល់មតិយោបល់ និងបណ្តឹងតវ៉ានេះ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយរាយការណ៍ផ្សេងៗទៀត រួមមានការរាយការណ៍ផ្ទាល់មាត់ លេខទូរស័ព្ទទាន់ហេតុការណ៍ បណ្តា្តញតេឡេក្រាម បណ្តាញសង្គមហ្វេសប៊ុក សារអេឡិចត្រូនិក និងគេហទំព័ររបស់គម្រោងរេដបូក។

យន្តការដោះស្រាយមតិយោបល់ និងបណ្តឹងតវ៉ា អនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងគម្រោង ជាពិសេសជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អាចលើកឡើងនូវមតិយោបល់ បណ្តឹងតវ៉ា កង្វល់ និងសំណូមពរផ្សេងៗទាក់ទងនឹងការអនុវត្តគម្រោង រួមទាំងការរាយការណ៍អំពីបទល្មើសធនធានធម្មជាតិផងដែរ។ គោលបំណងនៃយន្តការនេះ គឺចូលរួមទប់ស្កាត់ និងដោះស្រាយជម្លោះ ដែលអាចកើតមានអំឡុងពេលអនុវត្តគម្រោង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងតាមរយៈការទទួលមតិយោបល់ពីភាគីពាក់ព័ន្ធក្នុងគម្រោង។

ចាប់តាំងពីដើមឆ្នាំ២០២៦ ប្រអប់សំបុត្រត្រូវបានពិនិត្យ និងបើកជារៀងរាល់ខែក្នុងភូមិនីមួយៗដោយក្រុមការងារគម្រោងសហការជាមួយតំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គម្រោងបានទទួលករណីសរុបចំនួន១៤ ក្នុងនោះ ១០ករណីទទួលបានតាមរយៈប្រអប់សំបុត្រពីភូមិចំនួន០៩ ដែលក្នុងនោះមាន ១០ករណីទាក់ទងនឹងសំណូមពរទៅកាន់គម្រោង និង ០៤ករណីជាការរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ៕
ដោយ៖ ណយ នឿន (ប្រភព៖ គម្រោងរេដបូកតំបន់ទេសភាពភាគខាងជើង)





