សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ ជាមួយគណៈអភិបាលរាជធានី ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ ជាមួយគណៈអភិបាលរាជធានី ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជា ការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ ពេលតាមការចាំបាច់។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល សម្ដេចធិបតី ក៏បានណែនាំ ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវ ជួយស្តារឡើងវិញ។
សម្តេចធិបតី ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនភាពសកម្ម ក្នុងការចុះជួបប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេល ដែលមានគ្រោះមហន្តរាយ។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពង ស្របតាមគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្សធនធានធម្មជាតិនិងជលផល។ ហើយក៏ត្រូវពង្រឹងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដើម្បីប្រជានេសាទចូលរួមចំណែកក្នុងការអភិរក្សធនធាន ធម្មជាតិដ៏សំខាន់សម្រាប់ទៅអនាគត។
សូមជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកទី២២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។
២-សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥។
៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕


ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





