កម្ពុជា និងអូស្ត្រាលី ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «ACP4Climate» ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងគ្រប់គ្រងធនធានទឹក
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ --រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ» (ACP4Climate) នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីពង្រឹងកិច្ចសហការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តម ដេរិក យីប បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារជំនួយអូស្ត្រាលី (Australian Aid) ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹក។

ឯកឧត្តម ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដោយសង្កត់ធ្ងន់ថា កម្មវិធី ACP4Climate នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយបង្កើនភាពធន់ និងការពារសហគមន៍ងាយរងគ្រោះពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួងធនធានទឹក និងឧតុនិយម បានបង្កើត «ផែនទីបង្ហាញផ្លូវស្តីពីអភិបាលកិច្ចធនធានទឹកប្រកបដោយភាពធន់នឹងអាកាសធាតុនៅកម្ពុជា (២០២៤-២០៣៥)» សម្រាប់ការកែលម្អអភិបាលកិច្ចទឹក ពង្រឹងស្ថាប័ន លើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងជំរុញការវិនិយោគលើវិស័យទឹក។

ឯកឧត្តមបន្តថា ធនធានទឹក គឺជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា ការផលិតស្បៀងអាហារ ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធថាមពល និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ហើយកម្ពុជាក៏បានជួបនឹងបញ្ហទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះដែរ។ ដូចនេះ សន្តិសុខទឹកមិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ភាពធន់នឹងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ លោក ម៉ាធ្យូ អែដវុឌសិន ប្រធានកម្មវិធី ACP4Climate បានធ្វើបទបង្ហាញពីគោលបំណងរយៈពេលវែងរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់ចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ដោយផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ អភិបាលកិច្ចទឹក ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាបន្ន។

លោកបានបន្ថែមថា កម្មវិធីនេះនឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីអនុវត្តន៍ «ផែនទីបង្ហាញផ្លូវស្តីពីអភិបាលកិច្ចធនធានទឹកប្រកបដោយភាពធន់នឹងអាកាសធាតុនៅកម្ពុជា» តាមរយៈការគាំទ្រការរៀបចំគោលនយោបាយគន្លឹះដែលអាចយកទៅអនុវត្តន៍បានជាក់ស្តែង ដូចជា ផែនការមេទឹកថ្នាក់ជាតិ និងយុទ្ធសាស្ត្រទឹកថ្នាក់ជាតិ។ ក្រៅពីនេះ កម្មវិធី ACP4Climate នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងបណ្តាក្រសួងពាក់ព័ន្ធនានា រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន ដើម្បីធានាឱ្យរាល់សកម្មភាពទាំងអស់មានភាពស៊ីសង្វាក់គ្នា សំដៅសម្រេចបាននូវកំណើនប្រកបដោយចីរភាព ភាពធន់ និងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាឱ្យក្លាយជាការពិត៕

ដោយ៖ ទូច វលក្ខ័ណ (រូបថត៖ ឡាយ សារ៉ុម)





