មូលនិធិ SDF បានគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ១.៣០០នាក់ លើការអភិវឌ្ឍជំនាញគ្រប់គ្រងអាជីវកម្ម
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១.៣០០នាក់ លើការអភិវឌ្ឍជំនាញគ្រប់គ្រងអាជីវកម្ម នៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្ដី ខេត្ដកណ្ដាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានលើឡើងថា ដើម្បីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានសក្ដានុពល SDF បានផ្តល់ថវិកាគាំទ្រដល់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម» ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១.៣០០នាក់។

លោកស្រីបន្តថា គោលបំណងនៃវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងជំនាញគ្រប់គ្រងអាជីវកម្មដល់អាជីវករខ្នាតមីក្រូតូច និងមធ្យម បង្កើនប្រសិទ្ធភាព និងភាពធន់ ជំរុញការរីកចម្រើនក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ សកម្មភាពនេះ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។ ចាប់ពីឆ្នាំ២០២០ ដល់បច្ចុប្បន្ន SDF បានគាំទ្រ CPMEC បណ្តុះបណ្តាលសិក្ខាកាមសរុប ១ ៧៧០ នាក់ មានស្ត្រី ៥០ភាគរយ។ SDF ប្តេជ្ញាបន្តគាំទ្រការអភិវឌ្ឍជំនាញ ដើម្បីកសាងកម្លាំងពលកម្មដែលមានសមត្ថភាព និងរួមចំណែកគាំទ្រចក្ខុវិស័យឆ្នាំ២០៥០ របស់រដ្ឋាភិបាលកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖SDF)





