ឯកឧត្តម ប៉ែន បូណា៖ តំណាងគណបក្សនយោបាយចំនួន២៨ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលជំហរដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តំណាងគណបក្សនយោបាយចំនួន២៨ ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលជំហរដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។ ការគាំទ្របែបនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំរវាងគណបក្សសម្ព័ន្ធភាព ដែលបានបើកធ្វើនៅឯវិមាន ៧មករា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដូចតទៅ៖ ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ( Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលនូវអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MOU 2001។
ជំហរនេះក៏បានទទួលការគាំទ្រពេញទំហឹងពីស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ គឺព្រឹទ្ធសភានិងរដ្ឋសភា។ ដូច្នេះ ការគាំទ្រពីសំណាក់គណបក្សសម្ព័ន្ធភាពទាំង ២៨ លើដំណោះស្រាយបញ្ហាព្រំដែន បញ្ជាក់កាន់តែច្បាស់អំពីកម្លាំងមហាសាមគ្គី ឯកភាពជាតិខ្មែរដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

ដោយ៖ គង់ សិរីរ័ត្ន





