សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់ មិនមែនកាត់អ្នកស្អប់ចោល ដាក់អ្នកស្រឡាញ់ទេ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--ឆ្លើយតបទៅនឹងការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនដែលបានសរសើរផង រិះគន់ផង លើការងារដែលរាជរដ្ឋាភិបាលធ្វើកំណែទម្រង់ក្រសួងការពារជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការកែទម្រង់នេះ មិនមែនកាត់អ្នកស្អប់ចោល ដាក់អ្នកស្រឡាញ់ទេ ជាការធ្វើឱ្យត្រូវនឹងស្ថានភាពនៃប្រទេសជាតិ។
ការបកស្រាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធី “សម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ”ស្ថិតនៅខណ្ឌជ្រោយចង្វារ ដោយបញ្ជាក់ថា ការកាត់បន្ថយ នាយកដ្ឋាននិង ការិយាល័យមួយចំនួននេះ ដើម្បីបង្រួមការិយាល័យមួយចំនួនដែលមានភារកិច្ចស្រដៀងគ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា««ខ្ញុំសូមបញ្ជាក់អញ្ចេះ តើមូលដ្ឋានអីក្នុងការធ្វើកំណែទម្រង់ ការកំណែទម្រង់នៅស្ថាប័នអគ្គនាយកដ្ឋានពន្ធដារ មិនខុសពីការកំណែទម្រង់រដ្ឋ នៅក្នុងអាណត្តិនេះ អាទិភាពមួយសំខាន់ វិធានគន្លឹះមួយសំខាន់គឺ កំណែទម្រង់រដ្ឋបាលសាធារណៈ គឺយើងធ្វើការវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័ន មួយចំនួន ហើយខ្ញុំសូមបញ្ជាក់ថា ទី១គោលការណ៍កំណែទម្រង់នេះ មិនមែនជារឿងថ្មីទេ ហើយទី២. ក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយពីមានសង្រ្គាមនោះទេ គ្រប់ស្ថាប័នរដ្ឋបានដាក់ចេញតាំងពីដើមអាណត្តិម្លេះ»។
បើតាមសម្ដេចធិបតី មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ គណៈកម្មការកំណែទម្រង់ បានធ្វើការកែសម្រួលហើយ១៦ក្រសួងសា្ថប័ន។ ក្រោយពីការពិនិត្យ១៦ក្រសួងសា្ថប័ននេះ មានគម្រោងកែសម្រួល៣អគ្គនាយកដ្ឋាន ៣០នាយកដ្ឋាន នៅតាមបណ្ដាក្រសួងផ្សេងៗ ហើយនៅបន្តធ្វើតទៅទៀត៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





