ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការជំរុញ «ផែនការប្រើប្រាស់ដីឃុំ-សង្កាត់» ដើម្បីលុបបំបាត់ទំនាស់ និងធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានដីធ្លី និងបញ្ចៀសទំនាស់នានាដែលបង្កឡើងដោយសារការប្រើប្រាស់ដីមិនចំគោលដៅ រដ្ឋបាលខេត្តបន្ទាយ មានជ័យ សហការជាមួយមន្ទីរជំនាញ បានដាក់ចេញនូវការផ្សព្វផ្សាយ «ផែនកា រប្រើប្រាស់ដីឃុំ សង្កាត់ ទូទាំងខេត្ត» ដែលជាត្រីវិស័យថ្មីមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍមូលដ្ឋា នឱ្យមានរបៀបរៀបរយ។

សិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំ ខាន់នេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមាន ជ័យ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត ហោ សាណារ៉ា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ព្រមទាំងប្រធាន-អនុប្រធានមន្ទីរជំនាញ និងអង្គ ភាពពាក់ព័ន្ធជុំវិញខេត្តក្រុងស្រុកឃុំសង្កាត់យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងសង្កត់ធ្ងន់ថា ដីធ្លីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់រដ្ឋនិងប្រជាពល រដ្ឋ ប៉ុន្តែវាក៏អាចក្លាយជាប្រភពនៃទំនាស់ផងដែរ ប្រសិនបើគ្មានការរៀបចំផែនការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងច្បាស់លា ស់នោះទេ។ការរៀបចំ និងផ្សព្វផ្សាយផែនការប្រើប្រាស់ដីធ្លីឃុំ-សង្កាត់នាពេលនេះ មិនមែនគ្រាន់តែជាកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកំណត់វាសនានៃការអភិវឌ្ឍក្នុងមូលដ្ឋាននីមួយៗ។ កាលណាឃុំ-សង្កាត់នីមួយៗមានប្លង់ និងផែនការប្រើប្រាស់ដីច្បាស់លាស់ វានឹងជួយកាត់បន្ថយទំនាស់ដីធ្លី ថែរក្សាបាននូវដីព្រៃឈើ ដីកសិកម្ម និងតំបន់អភិរក្ស ព្រមទាំងបង្កលក្ខណៈងាយស្រួ លដល់វិនិយោគិនក្នុងការបោះទុនធ្វើអាជីវកម្ម ដែលជំរុញឱ្យសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋានរីកចម្រើនយ៉ាងរហ័ស។

ជាមួយនោះលោកអភិបាលរងខេត្ត ក៏បានដាស់តឿនដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងសហការគ្នាឱ្យបានស្អិតរមួតក្នុងការអនុវត្តផែនការនេះ ដើម្បីធានាថាការសាងសង់ ការពង្រីកទីក្រុង ឬទីប្រ ជុំជន និងការប្រើប្រាស់ដីធ្លីផ្សេងៗ គឺត្រូវស្របទៅតាមប្លង់មេដែលបានកំណត់ ជៀសវាងការទន្ទ្រានខុសច្បាប់។
ងាកមកចាប់អារម្មណ៍លើទិដ្ឋភាពបច្ចេកទេស និងការអនុវត្តផ្ទាល់វិញ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងសិក្ខាសាលានេះដែរថា ការរៀបចំផែនការប្រើប្រាស់ដីធ្លីកម្រិតឃុំ-សង្កាត់ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការធ្វើវិមជ្ឈការអំណាច និងការទទួ លខុសត្រូវទៅដល់មូលដ្ឋាន។
លោកប្រធានមន្ទីរបានពន្យល់ថាការបែង ចែកតំបន់ច្បាស់លាស់ ផែនការនេះនឹងជួយឱ្យអាជ្ញាធរឃុំ-សង្កាត់ ដឹងច្បាស់ថាតំបន់ណាជាដីកសិកម្ម តំបន់ណាជាដីលំនៅឋាន ពាណិជ្ជកម្ម និងតំបន់ណាជាដីសាធារណៈរបស់រដ្ឋ។ការគ្រប់គ្រងប្រកបដោយចីរភាព វាជួយទប់ស្កាត់ការទិញ-លក់ ឬប្រើប្រាស់ដីខុសគោលដៅ ដែលអាចប៉ះពាល់ដល់ស្ថិរភាពបរិស្ថាន និងសង្គម។

លោក មាស ដារ៉ា បានប្ដេជ្ញាចិត្តថា មន្ទីរជំនាញនឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេក ទេសយ៉ាងពេញទំហឹងដល់គ្រប់ឃុំ- សង្កាត់ទាំងអស់ ដើម្បីធ្វើបច្ចុប្បន្នភាព និងអនុវត្តផែនការនេះឱ្យមានប្រសិ ទ្ធភាព ភាពត្រឹមត្រូវ និងមានតម្លាភាពខ្ពស់បំផុត។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានគេមើលឃើញថាជា «របត់ថ្មីមួយ» សម្រាប់ខេត្តជាប់ព្រំដែនមួយនេះ ក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍនគរូបនីយកម្ម។ ការរួមបញ្ចូលគ្នារវាងការណែ នាំគោលនយោបាយពីថ្នាក់ដឹកនាំខេត្ត និងការគាំទ្របច្ចេកទេសពីមន្ទីរជំនាញ រួមទាំងការចូលរួមចំណែកផ្នែកចំណេះដឹងពីគ្រឹះស្ថានសិក្សា (មហាវិទ្យា ល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី) នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំ ធានាបានថារាល់ការប្រើប្រាស់ដីធ្លីនៅខេត្តបន្ទាយ មានជ័យ នឹងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ជាតិប្រកបដោយចីរភាព៕
ដោយ ៖ឈុនសារ៉ាត





