អង្គការ NatureLife បង្ហាញលទ្ធផលកិច្ចប្រជុំរបស់ក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦-- ក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជា និងអង្គការ NatureLife នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសតំណាងស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាបាលដែលជាសមាជិក ដើម្បីពង្រឹងកិច្ចសហការក្នុងការអភិរក្សសត្វក្រៀលនៅកម្ពុជា។

មន្ត្រីអង្គការ NatureLife បានឱ្យដឹងថា កិច្ចប្រជុំបានសម្រេចលទ្ធផលដូចការរំពឹងទុក រួមមានការចែករំលែកវឌ្ឍនភាព និងបញ្ហាប្រឈមពីតំបន់អភិរក្សសំខាន់ៗ ការឯកភាពលើផែនការបញ្ចប់របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមអភិរក្សក្រៀល និងការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអំពីសត្វក្រៀល ដោយបញ្ជាក់ពីតួនាទីក្នុងចំណោមសមាជិក។

អ្នកចូលរួមក៏បានទទួលព័ត៌មានថ្មីៗអំពីគម្រោងស្រាវជ្រាវការតាមដានសត្វក្រៀល និងពិភាក្សាអំពីឱកាសស្វែងរកថវិកាសម្រាប់គាំទ្រការងារអភិរក្សនាពេលអនាគត និងសូមអរគុណដល់ International Crane Foundation ដែលគាំទ្រថវិកាសម្រាប់កិច្ចប្រជុំនេះ៕
ដោយ ណយ នឿន (ប្រភព៖NatureLife)





