រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ការសម្រេចបាននូវសមិទ្ធផលចម្បងៗរបស់រាជរដ្ឋាភិបាល គឺបានមកតាម រយៈការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់គន្លឹះនានា
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនរបស់រាជរដ្ឋាភិបាល គឺបានមកតាមរយៈការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់គន្លឹះនានាជាបន្តបន្ទាប់ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវ “យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកកសាងនូវមូលដ្ឋាន នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការប្រមូលចំណូល ដែលមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាព និងការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពជូនដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី។ល។ និងក្នុងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គមជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ទន្ទឹមនឹងការបង្កើនប្រាក់សោធនប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងយ៉ាងសកម្មក្នុងការកៀរគរចំណូលជូនរដ្ឋ តាមរយៈការបន្តខិតខំអភិវឌ្ឍនិងដាក់ចេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដ៏សម្បូរបែប រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបន្តអនុវត្តបានខ្ជាប់ខ្ជួននូវអភិក្រមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរួមមាន៖ ១.ការអនុវត្ត ការងារប្រកបដោយវិជ្ជាជីវៈ ២.ការអនុវត្តការងារជាក្រុម ៣.ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និង៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវា សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែប្រសើរ៕
ដោយ៖ ចាន់ សុភឿន





