ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រក ចេញចូលតែមួយ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងជំរុញពីវឌ្ឍនភាពការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ ។
កញ្ញា ឈួ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាពការផ្តល់សេវារដ្ឋបាលច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុមានដូចជា៖ ១.សេវាក្រុង ស្រុក, ២.សេវានៅសាខាពន្ធដារខេត្ត, ៣.សេវានៅសុរិយោដី ដែលមានសេវាកកស្ទះនៅអង្គភាពច្រកចេញចូលមានចំនួន ៧៥៣សេវា នេះជារបាយការណ៍ នៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០៦ កន្លងមក។ សេវាកកស្ទះនៅរដ្ឋបាលក្រុង ស្រុកទាំង៦ មានដូចជា៖ ១.រដ្ឋបាលក្រុងព្រះសីហនុ សេវាកកស្ទះចំនួន១៥៨, ២រដ្ឋបាលក្រុងកំពង់សោម សេវាកកស្ទះ៩៩ បូកនិងសេវាផ្ទេរពីរដ្ឋបាលស្រុកព្រៃនប់ចំនួន២៩៥ ,៣.កោះរ៉ុង សេវាកកស្ទះមាន៤, ៤.ព្រៃនប់ សេវាកកស្ទះមាន៩៦, ៥.ស្ទឹងហាវសេវាកកស្ទះ៧៧ និង៦.ស្រុកកំពង់សិលា សេវាកកស្ទះ២៤ ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុង ស្រុកទាំង៦ ត្រូវពន្លឿនឯកសារដែលកកស្ទះនៅក្នុងប្រព័ន្ធ ហើយរាល់ឯកសារដែលបានបំពេញបញ្ចប់ត្រូវចុចប្រព័ន្ធ ដើម្បីសំអាតប្រព័ន្ធក្នុងច្រកចេញចូលតែមួយរបស់រដ្ឋបាលខ្លួន ប្រសិនបើឯកសារដែលដោះស្រាយមិនចេញនៅតាមក្រុង ស្រុក ត្រូវធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលខេត្ត ដើម្បីសម្រេចបិទបញ្ចប់ឃ្លាចេញ ពីក្នុងប្រព័ន្ធច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្តព្រះសីហនុ។ ហើយកិច្ចការនេះយើងត្រូវរួមគ្នាធ្វើការដោះស្រាយឱ្យបានលឿនឆាប់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល៕


ដោយ ងូ សុមុនី





