ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក៖ ទុក្ខលំបាករបស់ពុទ្ធបរិស័ទ ក៏ដូចជាទុក្ខលំបាករបស់សង្ឃដែរ ដូចនេះត្រូវជួយគ្នាក្នុងគ្រាលំបាក
AKP សៀមរាប ថ្ងៃទី២០ ខែឧសផា ឆ្នាំ២០២៦--ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមជាមួយក្រុមការងារសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះសួរសុខទុក្ខ និងចែកជូននូវស្បៀងអាហារដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥២ គ្រួសារ មកពីភូមិវាល សង្កាត់គោក ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាតនាពេលនេះគឺជាទានបារមីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ធសាសនា ការឱ្យទាននូវអាហារ ឈ្មោះថាឱ្យនូវកម្លាំង ហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឱ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា នៅក្នុងពុទ្ធសាសនា មេត្តា ករុណា គឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គម។ ហើយព្រះសង្ឃដើរតួជាអ្នកដឹកនាំស្មារតីផង និង ជាអ្នកសម្របសម្រួលជីវភាពផង ដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀង ដោយធានាថា បងប្អូនញាតិញោម ដែលមានជីវភាពខ្វះខាត មិនត្រូវដាច់ពោះស្លាប់នោះឡើយ ។


ព្រះគ្រូចៅអធិការវត្តបានមានថេរដីកាបន្ថែមថា នាពេលកន្លងមកព្រះអង្គក៏បានផ្គត់ផ្គង់ជាស្បៀងអាហារ ដល់បងប្អូនញាតិញោមដែលជួបការ ខ្វះខាតក្នុងជីវភាពគ្រួសារ ព្រមទាំងបងប្អូនជនភៀសសឹក ដែលមកស្នាក់អាស្រ័យនៅក្នុងទីវត្ត ព្រមទាំងបានបង្កើតសួនបន្លែ សម្រាប់ធ្វើការផ្គត់ផ្គង់ទៀតផង ។ព្រះអង្គបន្តទៀតថា ការចែកទាននេះគឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឲ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមាន ដើម្បីអ្នកដទៃ គឺជាការកសាងសន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តម ដែលនាំឲ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជា "ការចែករំលែកដោយគ្មានការរើសអើង"មិនថា ជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា ។

ព្រះគ្រូចៅអធិការបានមានថេរដីកាបញ្ជាក់ថា ស្បៀងអាហារដែលញាតញោមទទួលបាន នៅពេលនេះ ដោយមានកិច្ចសហការជាមួយព្រះសង្ឃ និង ក្រុមការងារសាលាខេត្តចុះមូលដ្ឋានភូមិវាល បាននាំយកនូវស្បៀងអាហារ ធ្វើការចែកជូន ព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្ត និងឱ្យបងប្អូនញាតញោមត្រូវបង្កើនការងារនៅក្នុងក្រុមគ្រួសារ ធ្វើការដាំដុះបន្លែរបង្កានៅក្នុងភូមិដ្ឋានរបស់ខ្លួន ដើមី្បធ្វើការកាត់បន្តយនូវ ការចំណាយថវិកាក្នុងក្រុមគ្រួសារ និង ជម្រុញកូន ចៅឲ្យបានរៀនសូត្រនៅតាមសាលារៀន នឹង ត្រូវធ្វើអនាម័យ បរិស្ថាន នៅជុំវិញផ្ទះ បំបាត់ទីជម្រកមូសខ្លា ដើមី្បកុំឲ្យកើតមានជម្ងឺគ្រុនឈាម និងគ្រុនចាញ់ ដោយពេលនេះជារដូវភ្លៀងធ្លាក់ហើយ សំខាន់ចំពោះកុមារតូចៗ និង មនុស្ស ធំផងដែរ ៕

ដោយ ឃុត សៅ





