លោកសាយ គឹមឡម៖ ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលីអតីតយុទ្ធជន និងនិវត្តជនគ្រប់រូប
AKP កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--លោក សាយ គឹមឡម ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលីអតីតយុទ្ធជន និងនីវត្តជនគ្រប់រូបក្នុងឱកាសដែលលោក និងសហការីអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកា បេឡាមរណៈសង្គ្រោះជូនដល់គ្រួសារពលី នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ លោកសាយ គឹមឡមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសម្ដេចមានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាពជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន គ្រួសារពលី និងនិវត្តជនដែលបានពលីនូវសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិជួបនូវសង្គ្រាមឈ្លានពានពីបច្ចាមិត្ត។

ទន្ទឹមនឹងនេះដែរ លោកសាយ គឹមឡមបានសម្ដែងនូវសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលបានបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់ ដែលមិនអាចវិលត្រឡប់មកជួបមុខគ្នាតទៅទៀត និងបានណែនាំដល់អាជ្ញាធរភូមិ/ឃុំត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់គ្រួសារពលីឬគ្រួសារអតីតយុទ្ធជន និងនិវត្តជនគ្រប់រូបក៏ដូចជាគ្រួសារងាយរងហានិភ័យ គ្រួសារវីរៈកងទ័ព ដើម្បីមានការចូលរួមជួយសង្គ្រោះនិងការផ្ដល់នូវសេវាផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ថវិកាដែលប្រគល់ជូនដល់គ្រួសារអ្នកស្រី អេង ផាន ដែលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលបានទទួលមរភាពកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះមានចំនួន៤លានរៀល៕

ដោយ ស៊ុម វណ្ណា





