មន្ត្រី NOCC ចូលរួមវគ្គអន្តរជាតិ នៅទឹកដីកំណើតនៃការប្រកួតកីឡាអូឡាំពិក
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--លោក នូ ចំរើន មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងចូលរួមវគ្គសិក្ខាសាលាអន្តរជាតិលើកទី១៩ សម្រាប់ប្រតិភូ NOAs និង NOCs នៅ Ancient Olympia ដោយបានប្រមូលផ្តុំអ្នកចូលរួមចំនួន ១៤០នាក់ មកពី ១០០ប្រទេស នៅទីកន្លែងកំណើតនៃការប្រកួតកីឡាអូឡាំពិក នៃប្រទេសក្រិក ពីថ្ងៃទី១៧-២៤ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពូជា AKP នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពីប្រទេសក្រិក តាមប្រព័ន្ធសារអេឡិចត្រូនិក លោក នូ ចំរើន គូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្រោមប្រធានបទ “ការផ្តល់អំណាចដល់ការរួមបញ្ចូល ភាពស្មោះត្រង់ និងការទទួលខុសត្រូវសម្រាប់អត្តពលិកគ្រប់រូប” ដោយវគ្គឆ្នាំនេះបង្ហាញពីតួនាទីដ៏សំខាន់នៃការអប់រំអូឡាំពិកក្នុងការបង្កើតបរិយាកាសកីឡាដែលមានសុវត្ថិភាពជាងមុន រួមបញ្ចូលកាន់តែច្រើននិងជំរុញដោយតម្លៃនៅទូទាំងពិភពលោក។

មន្ត្រី NOCC រូបនេះបន្ថែមថា ការរៀបចំសិក្ខាសាលានេះធ្វើឡើងនៅទីតាំងចាប់កំណើតនៃការប្រកួតកីឡាអូឡាំពិក នៅប្រទេសក្រិកនេះតាំងពីសម័យបុរាណ លើភ្នំ Olympia ដើម្បីបានឈ្វេងយល់អំពីការកកើតនៃកីឡាអូឡាំពិក ក៏ដូចជានាំមកនូវការទស្សនាសារៈមន្ទីរ ការលេងកីឡាតាំងពីសម័យបុរាណដើម្បីសុខភាព និងការប្រកួតកីឡា ដើម្បីបញ្ចប់សង្គ្រាម តាំងពីបុរាណ ដោយការប្រកួតកីឡាមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក នូ ចំរើន បានលើកឡើងទៀតថា តាមរយៈការបង្រៀន សិក្ខាសាលា ការពិភាក្សាជាក្រុម និងសកម្មភាពវប្បធម៌ ប្រតិភូមកពីសាលាអូឡាំពិកជាតិ និងគណៈកម្មាធិការអូឡាំពិកជាតិកំពុងឈ្វេងយល់ពីបញ្ហាសំខាន់ៗ រួមទាំងការការពារអត្តពលិក ភាពជាអ្នកដឹកនាំសីលធម៌ អភិបាលកិច្ចល្អ ការរួមបញ្ចូល និងសិទ្ធិអត្តពលិក។

នៅក្នុងពិធីបើកមានសុន្ទរកថាបំផុសគំនិតដោយប្រធានសាលាអូឡាំពិកអន្តរជាតិ សាស្ត្រាចារ្យ Charilaos Tsolakis និងប្រធានគណៈកម្មាធិការអូឡាំពិកក្រិក លោក Isidoros Kouvelos ដោយសង្កត់ធ្ងន់លើអំណាចនៃអូឡាំពិកដើម្បីលើកកម្ពស់ការគោរព សាមគ្គីភាព និងការទទួលខុសត្រូវនៅទូទាំងពិភពលោក។ ការពិភាក្សាដ៏មានឥទ្ធិពលមួយជាមួយសមាជិក IOC គឺលោកស្រី Samira Asghari និងអត្តពលិកអូឡាំពិក Emma Terho បានកំណត់បរិយាកាសសម្រាប់វគ្គនេះ ដោយពង្រឹងសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ និងសកម្មភាពរួមក្នុងការកសាងចលនាអូឡាំពិកដែលមានក្រមសីលធម៌ និងផ្តោតលើអត្តពលិកកាន់តែខ្លាំង។

គួរបញ្ជាក់ថា ការចូលរួមរបស់លោក នូ ចំរើន ក្នុងសិក្ខាសាលាអន្តរជាតិនេះនៅក្រិកនេះ គឺស្ថិតក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ NOCC និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ NOCC ផងដែរ ដើម្បីទទួលបានចំណេះដឹងបន្ថែមពង្រឹងគុណភាពសមត្ថភាពមន្ត្រីកីឡាកម្ពុជាពីអន្តរជាតិ៕
ដោយ ហេង ណាលីន (រូបភាព៖ ផ្តល់ដោយ លោក នូ ចំរើន)





