កម្ពុជាជាប្រទេសមួយដែលមានចំនួនក្រពើភ្នំដ៏សំខាន់របស់ពិភពលោក ខណៈដែលក្រពើភ្នំជាសត្វដ៏កម្របំផុត
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ --
សត្វក្រពើភ្នំ (Crocodylus siamensis) គឺជាប្រភេទក្រពើដែលកម្របំផុតមួយនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត»។ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានចំនួនក្រពើភ្នំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះថា តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន កំពុងធ្វើការស្តារសត្វក្រពើភ្នំនេះឡើងវិញ ទៅកាន់ទីជម្រកធម្មជាតិរបស់វា។

គួរបញ្ជាក់ថា ក្រពើភ្នំ ឬគេអាចហៅបានម្យ៉ាងទៀតគឺក្រពើត្រី ជាក្រពើដែលជិតផុតពូជបំផុតលើពិភពលោក និងត្រូវបានចុះនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ក្រពើភ្នំត្រូវបានស្គាល់ថាវាជាក្រពើដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សយើងនោះទេ។

តាមការស្រាវជ្រាវនាកន្លងមករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រពើភ្នំមានរស់នៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង ហើយមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី និងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង៕
ដោយ៖ មករា





