អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បន្តរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug
AKP ស្ទឹងត្រែង នៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៦ -
និស្សិត២៥០នាក់ មកពីបណ្តារាជធានី ខេត្ត សហគមន៍ចម្រុះ នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែងទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង។

លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ហើយនិស្សិតទាំងអស់មានកាតព្វកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ កោតសរសើរ និងបានលើកឡើងថា សាលាជាថ្នាលបណ្ដុះបណ្តាល ថែទាំ តម្រង់ទិស ធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើនដែលក្នុងនោះធនធានទាំងអស់ត្រូវតែជាធនធានមានសុខភាពល្អ មិនទៅប៉ះពាល់គ្រឿងញៀននាំឲ្យខូចសុខភាពបង្កើតបញ្ហានិងបន្ទុកដល់សង្គមជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀនបង្កមហន្តរាយដល់ធនធានមនុស្សប្រសិនយើងមិនរួមគ្នាប្រយុទ្ធប្រឆាំង ហើយការបង្ការការពារទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋទៅប៉ះពាល់គ្រឿងញៀន គឺប្រសើរជាងធ្វើការព្យាបាលទៅដល់ប្រជាពលរដ្ឋដែលធ្លាក់ខ្លួនញៀនថ្នាំញៀនទៅហើយ និងបានសំណូមពរដល់និស្សិតចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយឱ្យក្រុមគ្រួសារប្រើប្រាស់ App NoDrug ដើម្បីចំណេះដឹង ព័ត៌មាន និងរាយការណ៍រាល់ករណីគ្រឿងញៀន ដោយគ្មានអត្តសញ្ញាណអ្នករាយការណ៍ហើយទទួលបានការដោះស្រាយទាន់ពេលវេលា។

ជាមួយគ្នានេះ វាគ្មិនលោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានប្រាប់ឱ្យដឹងថា និស្សិតបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





