ម្ចាស់ជ័យលាភីលេខ១ មេដាយមាស នៃការប្រឡងសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជារូបវិទ្យាចែករំលែកពីគន្លឹះនៃការសិក្សា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ —
ក្នុងវ័យ ១៧ឆ្នាំ ស៊ីម មុយឈីវ កំពុងសិក្សានៅថ្នាក់ទី១២ នៃវិទ្យាល័យវេស្ទលេនដ៍ ក្រុងតាខ្មៅ ខេត្តកណ្តាល រូបគេ គឺជាម្ចាស់ជ័យលាភីលេខ១ មេដាយមាស នៃការប្រឡងសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជារូបវិទ្យា នាសម័យប្រឡងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ យុវជន ស៊ីម មុយឈីវ ហាក់មិនរារែកសោះឡើយក្នុងការចែករំលែកបទពិសោធន៍នៃការរៀនឱ្យពូកែសឹងតែគ្រប់មុខវិជ្ជាទាំងអស់ មិនថាតែមុខវិជ្ជារូបវិទ្យា ដែលរូបគេទើបទទួលបានជ័យលាភីលេខ១ ពីការប្រឡងសិស្សពូកែទូទាំងប្រទេសនោះ។

ស៊ីម មុយឈីវ ថ្លែងក្នុងទឹកមុខដែលបង្កប់ទៅនឹងមនោសញ្ចេតនាស្រឡាញ់ការសិក្សារៀនសូត្រយ៉ាងជ្រាលជ្រៅ បានគូសបញ្ជាក់ថា ចំពោះបទពិសោធន៍របស់គេផ្ទាល់ ដើម្បីឱ្យក្លាយជាសិស្សម្នាក់ដែលមានសមត្ថភាពពេញលេញ ពោលគឺជាសិស្សពូកែ គឺត្រូវតែអាចដោះស្រាយនូវលំហាត់ប្លែកៗជាច្រើន តាមរយៈការហ្វឹកហាត់ និងស្រាវជ្រាវពីបាតុភូតរបស់ខ្លួនឯង និងយល់ដឹងពីមេរៀន ជាពិសេសនៅក្នុងពេលគ្រូកំពុងបង្រៀន គឺត្រូវស្តាប់ដោយយកចិត្តទុកដាក់ ហើយបើមិនច្បាស់ មិនយល់ត្រង់ណា គឺត្រូវហ៊ានលើកដៃសួរគ្រូដើម្បីឱ្យបានយល់ច្បាស់ដោយឥតនៅមានមន្ទិលសង្ស័យ ហើយក្រោយពេលយើងបានយល់ច្បាស់លាស់ហើយ យើងត្រូវយកទ្រឹស្តីទៅអនុវត្តន៍ នោះទើបយើងអាចទទួលបានលទ្ធផលបន្ថែមទៀតពីលើអ្វីដែលគ្រូបានបង្រៀនយើងនៅក្នុងថ្នាក់រៀន។
ស៊ីម មុយឈីវ បានបន្ថែមថា ពេលដែលយើងបានអនុវត្តន៍វាហើយ គឺមិនត្រូវបោះបង់វាចោលឡើយ យើងត្រូវខិតខំក្នុងការធ្វើលំហាត់បន្ថែម ដើម្បីជាការរម្លឹកឡើងវិញជាប្រចាំ (កុំឱ្យរៀនមុខ ភ្លេចក្រោយ)។ បើតាម ស៊ីម មុយឈីវ ការរម្លឹកមេរៀនឡើងវិញនេះ ប្រសិនបើយើងកំពុងរៀននៅថ្នាក់ទី១២ យ៉ាងហោចណាស់ក៏យើងត្រូវរម្លឹកមេរៀនពីថ្នាក់ទី៩ ទី១០ ទី១១ ឡើងវិញដែរ ដើម្បីកុំឱ្យយើងភ្លេច ហើយម្យ៉ាងវិញទៀត វាក៏ជាគ្រឹះសម្រាប់ថ្នាក់ទី១២ ដែលជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។

ស៊ីម មុយឈីវ បានថ្លែងថា តាមពិតទៅ គន្លឹះនៃការសិក្សាឱ្យបានពូកែបើតាមរូបគេគិតថា មិនសូវជាមានអ្វីច្រើនប៉ុន្មាននោះទេ អ្វីដែលសំខាន់ និងពិសេសនោះ គឺនៅពេលរៀនក្នុងថ្នាក់ត្រូវតែយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ដើម្បីឱ្យបានយល់ ហើយនៅពេលដែលយើងយល់បានហើយ មានន័យថាវាជាការបើកផ្លូវសម្រាប់ខ្លួនយើងហើយ បន្ទាប់មក គឺត្រូវយកវាទៅអនុវត្តន៍ និងត្រូវរម្លឹកវាឡើងវិញជាញឹកញាប់ ដើម្បីកុំឱ្យភ្លេច។
ក្នុងនាមជាម្ចាស់ជ័យលាភីលេខ១ មេដាយមាស នៃការប្រឡងសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជារូបវិទ្យា ស៊ីម មុយឈីវ បានលើកឡើងថា ចំពោះការសិក្សាមុខវិជ្ជាមួយនេះអាចនិយាយថា ជាការលំបាកខ្លាំងដែរ តែដើម្បីរៀនពីវាឱ្យបានយល់ ឱ្យបានចេះ គឺត្រូវការជំនួយពីគ្រូបង្រៀនប្រចាំថ្នាក់ផង និងពីការស្រាវជ្រាវបន្ថែមផង។
សម្រាប់ ស៊ីម មុយឈីវ ដែលជាម្ចាស់ជ័យលាភីលេខ១ មេដាយមាស នៃការប្រឡងសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជារូបវិទ្យា នាសម័យប្រឡងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ រួមនឹងមិត្តរួមសាលារបស់គេម្នាក់ទៀត គឺសិស្សឈ្មោះ សេង សេដ្ឋាមុនី រៀននៅថ្នាក់ទី៩ ជាម្ចាស់ជ័យលាភីលេខ១ មេដាយមាស នៃការប្រឡងសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ នាសម័យប្រឡងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញការរីករាយជាខ្លាំង ដែលត្រូវបានគណៈគ្រប់គ្រងវិទ្យាល័យវេស្ទលេនដ៍ ក្រុងតាខ្មៅ ធ្វើពិធីដង្ហែក្បួនសម្រាប់ពួកគេយ៉ាងអធឹកអធមនៅពាសពេញក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជាការលើកទឹកចិត្តចំពោះសិស្សដែលបានខិតខំសិក្សារៀនសូត្ររហូតទទួលបានជ័យលាភីលេខ១ ពីការប្រឡងសិស្សពូកែទូទាំងប្រទេសនាពេលថ្មីៗកន្លងទៅនេះ ដែលនេះ គឺជាកត្តិយសដ៏យ៉ាងធំធេងណាស់សម្រាប់ពួកគេ និងជាកម្លាំងចិត្តថ្មីមួយទៀតដើម្បីជំរុញពួកគេ រួមនឹងសិស្សដទៃទៀតឱ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រ៕
ដោយ៖ ចាន់ សុភឿន





