មិនបោះបង់ពលរដ្ឋភៀសសឹក៖ យុវជនបក្សរដ្ឋសភាចុះពង្រឹងជីវភាព បរិស្ថាន និងស្វែងយល់ពីព្រំដែននៅស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--
ទោះបីជាត្រូវរស់នៅក្នុងស្ថានភាពភៀសសឹកជាបណ្តោះអាសន្ន ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាង ២៨០០០ គ្រួសារ នៅតែទទួលបានភាពកក់ក្តៅ និងការគិតគូរជាប់ជានិច្ចពីថ្នាក់ដឹកនាំ។ នេះស្តែងឱ្យឃើញតាមរយៈបេសកកម្មមនុស្សធម៌រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦) ក្រោមកម្មវិធី «ចូលរួមលើកកម្ពស់ជីវភាព បរិស្ថាន និងប្រឹក្សាយោបល់ជាមួយពលរដ្ឋភៀសសឹក»។

នៅក្នុងថ្ងៃទី២នៃបេសកកម្ម ពោលគឺថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ យុវជនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា (អ.រ.ស) ដឹកនាំដោយ ឯកឧត្តម ឃួន ដាវិត បានចុះផ្ទាល់ដើម្បីនាំយកជំនួយ ជំនាញ និងក្តីសង្ឃឹមទៅចែកជូនពលរដ្ឋភៀសសឹក ស្ថិតនៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានរាយការណ៍ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋភៀសសឹកជាង ២៨០០ពាន់គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងលំនៅដ្ឋានសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជន ព្រមទាំងបានគូសបញ្ជាក់ថា «ពលរដ្ឋទាំងអស់នេះមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានឡើយ ដោយសារការគ្រប់គ្រងដោយខុសច្បាប់របស់ទាហានថៃ។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានរៀបចំប្រព័ន្ធទឹក ភ្លើង លូ ផ្លូវ សុខាភិបាល និងអប់រំយ៉ាងប្រសើរ»។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ពលរដ្ឋមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈយន្តការទូត សន្តិវិធី និងអត់ធ្មត់ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដែលកំពុងទទួលបានប្រៀបឈ្នះជាបន្តបន្ទាប់។
ឯកឧត្តម ឃួន ដាវិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដោយបានបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែខ្វាយខ្វល់ពីសុខទុក្ខពលរដ្ឋជានិច្ច ហើយសកម្មភាពនេះឆ្លុះបញ្ចាំងពី «វប្បធម៌មិនបោះបង់ពលរដ្ឋណាម្នាក់ចោល» របស់គណបក្សប្រជាជនកម្ពុជា។
ដើម្បីជួយពលរដ្ឋឱ្យមានភាពម្ចាស់ការលើជីវភាព ក្រុមយុវជនបក្សរដ្ឋសភាបាននាំមកនូវកម្មវិធីបណ្តុះបណ្តាល និងសម្ភារៈឧបត្ថម្ភជាច្រើនរួមមានបណ្តុះបណ្តាលជំនាញ ជួយបង្រៀនជំនាញផលិតសាប៊ូលាងចានដល់ពលរដ្ឋ ៥៤ គ្រួសារ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើតប្រភពចំណូលក្នុងសហគមន៍។ គាំទ្រជនពិការ ផ្តល់ដើមឈើហូបផ្លែ និងបន្លែ ១០ មុខ ដល់គ្រួសារមានពិការភាពចំនួន ២០០ គ្រួសារ រួមទាំងរទេះជនពិការចំនួន១០ គ្រឿង។ លើកកម្ពស់ការអប់រំ និងសុខាភិបាល ចែកកង់ ១០០ គ្រឿង, កុំព្យូទ័រ ១១ គ្រឿង, ម៉ាស៊ីនព្រីនធឺ ៥ គ្រឿង, កៅអីបត់ ១៤៤ គ្រឿង, សៀវភៅ ១,៥០០ ក្បាល, ប៊ិច ៣,០០០ ដើម, ខ្មៅដៃ ១,៥០០ ដើម និងថ្នាំពេទ្យជូនដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងគ្រូពេទ្យ។

បរិស្ថាន និងពន្លឺ ដាំដើមឈើចំនួន ៣០០ ដើមតាមផ្លូវសាធារណៈ និងដំឡើងអំពូលសូឡាបំភ្លឺភូមិចំនួន១០ គ្រឿង។
នៅពេលបញ្ចប់កម្មវិធី ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងនៅតំបន់ឈ្លានពាន និងគ្រប់គ្រងដោយខុសច្បាប់របស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា ស្ថិតនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីស្ថានភាពភូមិសាស្ត្រ និងការរស់នៅរបស់ប្រជាការពារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនជាក់ស្តែង៕
ដោយ ឈុន សារ៉ាត





