ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ចូលរួមវេទិការធុរកិច្ច “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចូលរួមវេទិការធុរកិច្ច “សន្និសីទជំរុញសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគចិនហ៊ូណាន-កម្ពុជា” កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដម វណ្ណ វិទ្យា អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឆុងឈីង និងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

វេទិការធុរកិច្ចនេះ មានការចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគចិន ជាង២០០ ក្រុមហ៊ុន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ជាមួយគ្នានោះក៏មានការចុះ អនុស្សារណៈយោគយល់(MOU)ជាមួយបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ផងដែរ ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅប្រទេសកម្ពុជា។

សូមជម្រាបជូនថា ការរៀបចំវេទិកាធុរកិច្ចនេះឡើងគឺដើម្បីធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ គោលបំណងទាក់ទាញវិនិយោគិនចិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា៕



ដោយ៖ រិទ្ធី, ប្រភព៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា





