សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អតីតយុទ្ធជននិងនិវត្តជនបានលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិទម្រាំស្តារនិងកសាងប្រទេសឱ្យរីកចម្រើន ក្នុងសុខសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានលើកឡើងអំពីគុណបំណាច់របស់អតីតយុទ្ធជននិងនិវត្តជនដែលបានលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិទម្រាំស្តារនិងកសាងប្រទេសឱ្យរីកចម្រើន ក្នុងសុខសន្តិភាព ដូចសព្វថ្ងៃ។ សម្តេចធិបតីក៏បានលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនៅក្នុងសង្គ្រាមឈ្លានពាននារយៈពេលចុងក្រោយនេះដែរ។

ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យចារទុកជាប្រវត្តិសាស្ត្រនៅឯវិមាន «ឈ្នះ-ឈ្នះ» នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ក៏ដូចជាការចូលរួមចំណែកទាំងឡាយដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរយៈពេលចុងក្រោយនេះ។
សម្តេចក៏បានណែនាំឱ្យកសាងស្តូបអនុស្សាវរីយ៍ទុកសម្រាប់រម្លឹកគុណដល់វីរយុទ្ធជនស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីជាការចងចាំសម្រាប់កូនខ្មែរជំនាន់ក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជន ដើម្បីទ្រទ្រង់ជីវភាពរស់នៅ និងជួយដល់កូនៗរបស់ពួកគេឱ្យបានសិក្សា និងមានជម្រករស់នៅសមរម្យ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរថា រាជរដ្ឋាភិបាលនៅតែរក្សាសិទ្ធិពេញលេញក្នុងការការពារបូរណភាពទឹកដី ដោយសម្តេចបញ្ជាក់ឡើងវិញថា ការចរចាដោយសន្តិវិធីនៅតែជាជម្រើសអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល លើកលែងតែទ្វារនៃការចរចាទ្វេភាគីត្រូវបានបិទទាំងស្រុង ដូចករណីការលុបចោល MoU-2001 របស់ភាគីថៃ ទើបកម្ពុជាត្រូវជ្រើសរើសយន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ UNCLOS៕
ដោយ៖ គង់ សិរីរ័ត្ន





