អតីតយុទ្ធជន ៥០គ្រួសារមកពីខេត្តកណ្ដាល ទទួលផ្ទះនៅស្រុកសាមគ្គីមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលរួមជាមួយកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦បានអញ្ជើ ញសំណេះសំណាល និងអបអរ សាទរ ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្ត ជនចំនួន ៥០ គ្រួសារ ដែលមកពីខេត្តកណ្ដាល ទទួលបាន ផ្ទះ និងដីឡូ ស្ថិត នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសចំណេះសំណាលជាមួយ អតីតយុទ្ធជន និងនិវត្តជន ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសំណូមពរដល់ អតីតយុទ្ធជន និងនិវត្ត ជន ដែលទទួលបានផ្ទះថ្មី សូមបងប្អូនអតីតយុទ្ធជនរបស់យើងទាំងអស់ ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា យោគយល់គ្នា និងជួយយកអាសារគ្នាទៅវិញទៅមក។ ជាមួយគ្នានេះផងដែរ តំបន់នេះយើងអាចចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា គោ និងសត្វផ្សេងទៀត ពិសេសតំបន់នេះអាច ធ្វើការដាំដំណាំផ្សេងៗជាច្រើន រួមមាន៖ ស្វាយចន្ទី ដូង មៀន ឪឡឹក ត្រសក់ ដំឡូង ។ ល ។ ដែលអាចជួយទំនុកបម្រុងជីវភាពរបស់គ្រួសារយើងបាន។

ឯកឧត្តម ក៏បានរៀបចំមន្ទីរអង្គភាពជុំវិញខេត្ត ចងសម្ព័ន្ធមេត្រីភាព ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៥០ គ្រួសារ ដោយត្រូវចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តជន អោយបានញឹកញាប់ យ៉ាងតិចបីខែត្រូវបានជួបគាត់ម្តង ក្នុងន័យនេះមានន័យថា នៅពេលដែលបងប្អូន អតីតយុទ្ធជន និងនិវត្តជន មករស់នៅទីនេះ គឺពួកយើងមិនបោះបង់បងប្អូនចោលនោះទេ នៅតែយកចិត្តទុកដាក់ តាមដាន រាល់ជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហាប្រឈម និងការលំបាករបស់បងប្អូន ដើម្បីរួមគ្នាដោះស្រាយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាល ខេត្តកណ្ដាល បានណែនាំដល់មន្ទីរអង្គ ភាពជុំវិញខេត្ត ដែលបានចងមេត្រីភាពរួចហើយ ត្រូវក្តាប់គោល បំណង និងសំណូមពររបស់គាត់។ ត្រូវជួយជំរុញ និងបណ្តុះបណ្តាលជំ នាញអ្វីមួយអោយពួកគាត់ធ្វើស្រមតាមសមត្ថភាព ដើម្បីមានមុខរបរ និងជំនាញច្បាស់លាស់ អាចមានលទ្ធភាពចិញ្ចឹមជីវិតប្រចាំថ្ងៃបានល្អប្រសើរ។ ត្រូវជួយសិក្សា និងរកទីផ្សារជូនពួកគាត់ ដើម្បីធ្វើការដោះដូរ លក់ ទិញ ជៀសវាងបានផល ហើយរកទីផ្សារមិនបាន ៕
ដោយ ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





