លោកបណ្ឌិត អាំង សិរីពិសិដ្ឋ៖ ពានរង្វាន់បាល់ទះ សម្តេចធិបតីយើងគ្រោងអញ្ជើញក្រុមខ្លាំងៗមកពីឥណ្ឌូណេស៊ី ចិន ជប៉ុន និងវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាបាល់ទះ ពានរង្វាន់តេជោលីគ លើកទី៣ រដូវកាល ២០២៦ សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងនឹងរៀបចំការប្រកួតពានរង្វាន់សម្តេចធិបតី ឆ្នាំ២០២៦ ដោយនឹងអញ្ជើញក្រុមខ្លាំងៗមកពីក្រៅប្រទេសដូចជាឥណ្ឌូណេស៊ី ចិន ជប៉ុន និងវៀតណាម មកប្រកួតប្រជែងជាមួយក្រុមម្ចាស់ផ្ទះ កម្ពុជា។

នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះ។

លោកបណ្ឌិតអនុប្រធានបន្ថែមថា ៖«សហព័ន្ធបាល់ទះគ្រោងនឹងអញ្ជើញក្រុមខ្លាំងៗ មិនមែនជាក្រុមខ្សោយៗ ដើម្បីឱ្យខ្លួនឯង (ក្រុមកម្ពុជា) ទទួលបានមុខមាត់ ក្នុងការឈ្នះជើងឯកនោះទេ។ គោលដៅរបស់សហព័ន្ធ គឺយើងចង់បានក្រុមខ្លាំងជាងក្រុមកម្ពុជា ហើយបើក្រុមកម្ពុជាអាចផ្តួលក្លឹបដែលខ្លាំងជាងយើង នោះទើបក្រុមកម្ពុជាអាចដណ្តើមបានមេដាយរបស់យើងបានល្អប្រសើរ នៅថ្ងៃអនាគត។ ប្រសិនបើយើងយកក្លឹប ដែលបំពេញតម្រូវការទស្សនិកជនថា ក្រុមខ្មែរយើងខ្លាំង ប៉ុន្តែនៅពេលប្រកួត ក្នុងពានរង្វាន់ជាក់ស្តែង ប្រៀបបានដូចជា យើងកំពុងដើរទៅរកជ្រោះធ្វើអត្តឃាតខ្លួនឯងអ៊ីចឹង»។

«ដូច្នេះហើយ ការប្រកួតពានរង្វាន់សម្តេចធិបតី នឹងកាន់តែកក្រើក ដោយសារតែសហព័ន្ធបាល់ទះកម្ពុជាគ្រោងនឹងអញ្ជើញក្លឹបខ្លាំងៗមកចូលរួមប្រកួត ហើយបើក្លឹបបរទេសនោះឈ្នះពាន ក៏ខ្ញុំមិនសូវឈឺក្បាលដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើក្រុមកម្ពុជាយើងអាចឈ្នះពានរង្វាន់សម្តេចធិបតីទៀត នោះគឺបង្ហាញថា បាល់ទះកម្ពុជាកាន់តែរំកិលទៅមុខកាន់តែខ្លាំងបន្ថែមទៀតដែរ»។ លោកបានបន្ថែម។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ គូសបញ្ជាក់ថា ពានរង្វាន់សម្តេចធិបតី គ្រោងនឹងធ្វើឡើងតែ១សប្តាហ៍ទេ ដោយសារតែជាការប្រកួតអន្តរជាតិ ហើយសហព័ន្ធត្រូវចំណាយខ្ពស់ណាស់ ដែលសហព័ន្ធបាល់ទះកម្ពុជានឹងចំណាយលើការហូបចុក-ស្នាក់នៅ ដូចការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ដែរ។ រីឯក្លឹបបរទេសចូលរួមចំណាយតែលើសំបុត្រយន្តហោះប៉ុណ្ណោះ។ កាលណា យើងអញ្ជើញក្លឹបបរទេសមកចូលរួម សហព័ន្ធនឹងប្រើប្រាស់កញ្ចប់ថវិកាច្រើនលើបណ្តាក្លឹបនានា ប៉ុន្តែបើយើងយកក្លឹបអន់ៗ ហើយយើងចំណាយថវិកាច្រើនដូចគ្នានោះ លោកគិតថា កុំអញ្ជើញពួកគាត់មកលេង ល្អជាង។
បន្ថែមពីលើនេះ លោកបណ្ឌិតអគ្គលេខាធិការសង្កត់ធ្ងន់ថា ៖«ខ្ញុំបានជជែកជាមួយក្លឹបជើងឯករបស់ប្រទេសឥណ្ឌូណេស៊ី ហើយបានឈានដល់ការឯកភាពគ្នាហើយៗយើងបានអញ្ជើញក្លឹប១ ឬ២ នៅប្រទេសចិន និងគ្រោងអញ្ជើញក្លឹបពីប្រទេសជប៉ុន បើគាត់អាចមកលេងបាន យើងស្វាគមន៍។ ក្រៅពីនេះអាចជាក្លឹបជើងឯកនៃប្រទេសវៀតណាម ដូច្នេះ គ្រោងរៀបចំនេះ គឺសុទ្ធសឹងជាក្រុមខ្លាំង ក្នុងចំណោមក្រុមខ្លាំង។ ចាញ់ឈ្នះ ខ្ញុំអត់ដឹងទេ សំខាន់គឺការប្រកួតកាន់តែល្អមើល ដើម្បីឱ្យមហាជនកាន់តែគាំទ្រ ជុំវិញការរៀបចំពានរង្វាន់សម្តេចធិបតី ឆ្នាំ២០២៦នេះ»។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ ពានរង្វាន់តេជោលីគ លើកទី៣ នេះគ្រោងនឹងដំណើរការ ជុំទី១ ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ខណៈជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្រុម៨ចូលរួមប្រជែងជើងឯក រួមមាន៖ ក្រុមការពារជើងឯក ២រដូវកាល ក្រុមបញ្ជាការដ្ឋានអង្គរក្ស វិសាខា ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងពលធំអន្តរាគមន៍លេខ៣ ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕
ដោយ ហេង ណាលីន





