ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតី ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ។

ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ។
ជាការពិតណាស់ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុក នូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន។ ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧មករា ១៩៧៩ ក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលយើងទាំងអស់គ្នាតែងចងចាំជានិច្ចនូវគុណបំណាច់ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
លើសពីនេះទៀត នៅឆ្នាំ១៩៩៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុវត្ត ដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ភាគីទាំងអស់ រួមទាំងអតីតយុទ្ធជន ត្រូវបានធ្វើសមាហរណកម្មទៅក្នុងកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និង អតីតយុទ្ធជនតែមួយ ធ្វើឱ្យទឹកដីកម្ពុជាទទួលបាននូវឯកភាពជាតិ សុខសន្តិភាពគ្របដណ្តប់លើផ្ទៃប្រទេស ទាំងមូល ដែលប្រការនេះបានធ្វើឱ្យប្រជាជនគ្រប់រូបចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីត យុទ្ធជន ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន លើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ផ្អែកលើគុណបំណាច់ខាងលើ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងនិវត្តជន ដែល បង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧,២៨១នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧៧,៨៧៧នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១៩,៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៦២,៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥៧,៩៥៥នាក់ ព្រមទាំងអ្នកក្នុងបន្ទុកចំនួន ១៥,៤៧៩នាក់។
ជាមួយគ្នានេះដែរ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានគិតគូរដោះស្រាយកែសម្រួល បន្ថែមរបបសន្តិសុខសង្គមជាបន្តបន្ទាប់ផ្អែកតាមស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចជាតិ ស្របតាមគុណបំណាច់ របស់បងប្អូនចំពោះជាតិមាតុភូមិ។ មកដល់បច្ចុប្បន្ន បងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលទទួល បានរបបសន្តិសុខសង្គមទាបបំផុតចំនួន ៨៤៥,០០០រៀល ព្រមទាំងដំឡើងប្រាក់វិភាជន៍គ្រួសារជាបន្ត បន្ទាប់ផងដែរ។ លើសពីនេះ ក្រសួងបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រី រាជការស៊ីវិល តាមរយៈការផ្តល់កាតអេធីអឹម (ATM) សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែ ស្របតាមសម័យកាលបរិវត្តកម្មឌីជីថល។
ទន្ទឹមនឹងនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការត្រៀមថវិកាបម្រុងសម្រាប់ដោះស្រាយប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារ សពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងប្រាក់ឧបត្ថម្ភបូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារ សពជនពិការជាអតីតយុទ្ធជនដែលទទួលមរណភាព។ ជាលទ្ធផល គឺបានពន្លឿននីតិវិធីបែបបទផ្តល់ ប្រាក់បានឆាប់រហ័ស និងបានសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះប្រគល់ប្រាក់ ដល់លំនៅដ្ឋានបានទាន់ពេលវេលា៕
ដោយ៖ គង់ សិរីរ័ត្ន





