មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានជំរុញដល់កសិករឱ្យផលិតដំណាំរដូវ ដំណាំឈូក និងសមត្ថភាពផលិតដើម្បីផ្គត់ផ្គង់បន្លែក្នុងខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២៦--
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្មខេត្តព្រៃវែងស្តីពីការជំរុញផលិតកម្មដំណាំ រដូវដំណាំឈូក ផែនការផ្គត់ផ្គង់ផលិតផលបន្លែ និងការជំរុញការផលិតដំណាំរដូវជាអាទិភាពក្នុងខេត្តព្រៃវែង ដែលមានសក្តានុពលនៅកម្ពុជា។

បញ្ជាក់ក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២៦ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមក ក៏ដូចជាបង្ហាញពីតំបន់ដែលមានសក្ដានុពលខ្ពស់សម្រាប់ការផលិតដំណាំរដូវ ដំណាំឈូក និងដំណាំបន្លែក្នុងខេត្ត។
ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការលើកកម្ពស់ផលិតកម្មដំណាំរដូវ មិនត្រឹមតែផ្ដោតលើការបង្កើនបរិមាណផលិតផលប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវផ្ដោតលើគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស និងពិសេសចំណូលប្រជាកសិករ។
ជាមួយគ្នានេះឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញប្រមូល និងគ្រប់គ្រងទិន្នន័យកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ជាពិសេសនៅតាមបណ្ដាស្រុកដែលមានសក្ដានុពលខ្ពស់ក្នុងការផលិត។

ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏បានណែនាំឱ្យក្រុមការងារជំនាញរៀបចំផែនការចុះតាមមូលដ្ឋាន ដើម្បីតាមដានវឌ្ឍនភាពការងារជាក់ស្ដែង ជាពិសេសលើប្រភេទដំណាំដែលងាយរងផលប៉ះពាល់ពីអាកាសធាតុ និងទីផ្សារ។ក្រៅពីនេះ ក៏បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើការផ្ដល់បច្ចេកទេសកសិកម្មទំនើបដល់ប្រជាកសិករ និងការពង្រឹងកិច្ចសហការជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធលើអនុវត្តវិធីសាស្ត្រដាំដុះ ដោយលៃលកកាត់បន្ថយថ្លៃដើម ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដមរដ្ឋលេខាធិការ បានចុះពិនិត្យជាក់ស្ដែងនៅសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដែលជាសហគមន៍មានសក្ដានុពលក្នុងការដាំដុះដំណាំបន្លែជាច្រើនប្រភេទ រួមមាន ស្ពៃក្រញ៉ាញ់ ខាត់ណាដើម ត្រសក់ ម្រះ ត្រឡាច និងត្រប់ស្រួយ លើផ្ទៃដីដាំដុះសរុបចំនួន ១៧ ហិកតា។ សហគមន៍នេះ អាចផលិតបន្លែ ផ្គត់ផ្គង់ដល់ផ្សារគួរស្រូវ ( ផ្សារបោះដុំបន្លែ ក្រុងភ្នំពេញ) បានប្រមាណ ៣០-៣៥ តោនក្នុងមួយថ្ងៃ ក្នុងរដូវកាលចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ដែលជាពេលចាប់ផ្តើមរដូវវស្សា ( អាកាសធាតុក្តៅខ្លាំង) ពួកគាត់អាចផលិតបានប្រមាណ តែ ១.៨ តោនក្នុងមួយថ្ងៃ៕
ដោយ មករា





