មន្រ្តីឧទ្យានុរក្ស៩នាក់ដែលបានពុលផ្សិតព្រៃ នៅខេត្តក្រចេះ មានសុខភាពល្អធម្មតាវិញហើយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦--
មន្រ្តីឧទ្យានុរក្សចំនួន៩នាក់ ក្រោយកើតការសង្ស័យពុលផ្សិតដែលកើតឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅអំឡុងពេលបំពេញបេសកកម្ម ការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តក្រចេះនោះមានសុខភាពល្អប្រសើរឡើងវិញហើយ។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦នេះថា បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សទាំងអស់ ត្រូវបានបញ្ជូននិងពិនិត្យព្យាបាលជាសះស្បើយភ្លាមៗចំនួន៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំនួន៥នាក់។ នៅក្នុងថ្ងៃនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីយើងបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងមានសុខភាពល្អធម្មតាវិញហើយ។
ក្រសួងបរិស្ថានបានបន្តឱ្យដឹងថា ដើម្បីចូលរួមបង្កើនភាពបៃតង ការពង្រឹងការអនុវត្តន៍ច្បាប់ សកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានុរក្សត្រូវចុះល្បាតក្នុងព្រៃជ្រៅ ដែលជារឿយៗជួបប្រទះ គ្រោះថ្នាក់ធម្មជាតិ ប្រឈមនឹងជនល្មើស និងជំងឺដង្កាត់នានាជាច្រើនប្រភេទ។

ក្រសួងបរិស្ថានបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សកម្ពុជាជាង១ពាន់នាក់ កំពុងបង្ហាញទឹកចិត្តមោះមុត និងការលះបង់ខ្ពស់ ចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ជារៀងរាល់ថ្ងៃ ទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ទោះបីជាត្រូវប្រឈមហានិភ័យសុវត្ថិភាព ឧបសគ្គភូមិសាស្ត្រ និងជំងឺដង្កាត់ផ្សេងៗ ដើម្បីថែរក្សាមរតកធម្មជាតិសម្រាប់ជំនាន់ក្រោយ នៅតាមតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង លើផ្ទៃដីជាង ៧ លានហិកតា។

ក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ បានចុះល្បាតចំនួន ៤,០៤៨ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៧១៨ ករណី។ ក្រៅពីបង្ក្រាប មន្ត្រីឧទ្យានុរក្សសហការជាមួយប្រជាសហគមន៍ក្នុងការអប់រំផ្សព្វផ្សាយ និងដាំដើមឈើដើម្បីស្តារព្រៃឡើងវិញ។
កន្លងមកនេះ ក្រសួងបរិស្ថាន បានពង្រឹងសមត្ថភាព និងបំពាក់ឧបករណ៍ សម្ភារ ប្រើប្រាស់ដូចជា, ដ្រូន, និងប្រព័ន្ធ GPS ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការល្បាត៕
ដោយ ៖មករា





