ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តយុទ្ធនាការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនពលរដ្ឋ និងសិស្សានុសិស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ កងកម្លាំងនគរបាលទូទាំងខេត្ត បាន និងកំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ស្រទាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមសាលារៀន ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនសហគមន៍។

សកម្មភាពដ៏មមាញឹកនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ យុទ្ធនាការនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សំដៅប្រែក្លាយមូលដ្ឋានឱ្យទៅជាតំបន់ប្រកបដោយសន្តិសុខខ្ពស់ និងគ្មានការភ័យខ្លាច។

លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ បានសង្កត់ធ្ងន់ថា ការបន្តជំរុញកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់ខ្នងផ្ទះ និងគ្រឹះស្ថានសិក្សា គឺជាយុទ្ធសាស្ត្រ «បង្ការជាមុន»។ កិច្ចប្រតិបត្តិការនេះផ្តោតសំខាន់លើចំណុចគន្លឹះមួយចំនួន រួមមានការអប់រំច្បាប់ និងសុវត្ថិភាព បញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀនដល់យុវជន និងសិស្សានុសិស្ស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបទល្មើសអសន្តិសុខក្នុងមូលដ្ឋាន។

ការប្រុងប្រយ័ត្នចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្តល់ចំណេះដឹងដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌដែលនៅសេសសល់ កប់ក្នុងដី ឬរាយប៉ាយតាមតំបន់នានា ជាពិសេសនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលធ្លាប់ជាសមរភូមិប្រយុទ្ធនាពេលកន្លងមក។

សេវាសាធារណៈដល់ខ្នងផ្ទះ ការនាំយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅទៅចែកជូនដល់ដៃប្រជាពលរដ្ឋផ្ទាល់ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការបម្រើសេវាជូនពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាព។ការសម្រួលចរាចរណ៍៖កម្លាំងនគរបាលបានចុះជួយសម្រួលចរាចរណ៍នៅតាមមុខសាលារៀន នាពេលម៉ោងចេញ-ចូល ដើម្បីធានាសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្ស។
ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ស្នងការ ក៏បានដាក់ចេញនូវផែនការសកម្មភាពយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខតាមព្រំដែនឱ្យបានជាប់ជាប្រចាំ។ លោកបានរំលឹកដល់មន្ត្រីក្រោមឱវាទគ្រប់រូប ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់បម្រើពលរដ្ឋដោយស្មោះត្រង់ ដើម្បីកសាងជំនឿទុកចិត្ត និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូល។
យុទ្ធនាការចុះផ្សព្វផ្សាយ និងអប់រំនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលនេះជាសក្ខីភាពបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងនគរបាល និងប្រជាពលរដ្ឋ ស្របតាមទិសដៅ «នគរបាល និងប្រជាជន ជាធ្លុងមួយ»៕
ដោយ ឈុន សារ៉ាត





