ក្រុមប្រឹក្សារាជធានីភ្នំពេញគាំទ្រលើកទឹកចិត្ដឱ្យមានចំណាត់ការបង្ក្រាបបទល្មើស Online Scams ខ្លាំងក្លាបន្ថែមទៀត ខណៈបង្ក្រាបកន្លងមកបានល្អប្រសើរហើយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងការគាំទ្រលើកទឹកចិត្ដឱ្យមានចំណាត់ការធ្ងន់ធ្ងរបង្ក្រាបបទល្មើស Online Scams ខ្លាំងក្លាបន្ថែមទៀត ខណៈបង្ក្រាបកន្លងមកបានល្អប្រសើរហើយ។ ឯកឧត្ដម ម៉ប់ សារិន បានសម្ដែងការគាំទ្របែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ ដោយមានការចូលរួមពីឯកឧត្ដម ឯក ឃុនដឿន អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា ក្នុងខែមេសាកន្លងមកនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញបានអនុវត្តការងារបានយ៉ាងល្អប្រសើរទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រទៅលេងស្រុកកំណើត ការបង្ក្រាបបទល្មើស Online Scams និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញ បានល្អប្រសើរ។

ឯកឧត្ដម ម៉ប់ សារិន ក៏បានសរសើរចំពោះការអនុវត្តការងាររបស់អាជ្ញាធររាជធានី និងបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ កែសម្រួលភ្លើងចរាចរណ៍ និងដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្ដម ឯក ឃុនដឿន ក្នុងឱកាសនោះបានមានប្រសាសន៌ថា ការគាំទ្ររបស់ក្រុមប្រឹក្សាគឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនកាន់តែល្អថែមទៀត។ដោយឡែកចំពោះ ការស្នើឱ្យដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ អាជ្ញាធររាជធានីភ្នំពេញនឹងឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចុះពិនិត្យនិងដាក់ចំណាំងផ្លាតទាំងនេះ ជាមួយនឹងការកែសម្រួលភ្លើងចរាចរណ៍នៅតាមបណ្តាផ្លូវធំៗមួយចំនួនផងដែរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា នៅរាជធានីភ្នំពេញ នៅឆ្នាំ២០២៥ មានអ្នកកើតជំងឺគ្រុនឈាមចំនួន១០១០០ករណី ហើយនៅ៤ខែដើមឆ្នាំ២០២៦នេះ មានអ្នកកើតជំងឺគ្រុនឈាមចំនួន១៨២៦ករណី។ដូច្នេះដើម្បីឆ្លើយតបនឹងការចម្លងជំងឺគ្រុនឈាម សហគមន៍ ភូមិ រដ្ឋបាលសង្កាត់ ខណ្ឌ សូមពួតដៃ ជាមួយមន្ត្រីសុខាភិបាល ដោយអនុវត្តនៅវត្តវិធានការសំខាន់ៗ ចំនួន២៖ ទី១- ការលុបបំបាត់ជម្រកមូសខ្លា ដោយអនុវត្ត ជាប្រចាំ និងធ្វើការសម្អាតបរិស្ថាន យ៉ាងតិច២ដងក្នុង១ឆ្នាំ គឺ អនុវត្តនៅក្នុងខែ ឧសភា និង សីហា និងទី២- ការសម្អាតបរិស្ថាន លុបបំបាត់ជម្រកមូសខ្លា និងបាញ់ថ្នាំសម្លាប់មូស នៅក្នុងភូមិណាដែលមានចំនួនករណីគ្រុនឈាម លើសពី២នាក់ក្នុងមួយសប្តាហ៍៕

ដោយ សួស សំរិត





