ការចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់នូវការនាំចូលនៃជំងឺ Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លងនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូសុខាភិបាលចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូល នូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកជំទាវរដ្ឋលេខាធិការ និងគណ:ប្រតិភូអមដំណើរមកពីក្រសួងសុខាភិបាល ដោយមានការចូលរួមពីក្រុមការងារព្រលានយន្តហោះ និងផ្នែកពាក់ព័ន្ធ បានធ្វើការពិនិត្យទីតាំងជាក់ស្ដែង និងផ្តល់អនុសាសន៍ ព្រមទាំងផ្តល់នូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ កំណត់ជាក់លាក់ និងតាមដានយ៉ាងយកចិត្តទុកដាក់ នូវការស្កែនកំដៅគ្រប់អ្នកដំណើរ ចូលទាំងអស់ នៅទីតាំងអ្នកដំណើរមកដល់។ ត្រៀមជាស្រេចក្នុងករណីសង្ស័យ ដោយអនុវត្តវិធានសុខាភិបាល ជាធរមាន។ ពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ និងទូរស័ព្ទ Hotlines 115 និងបានធ្វើការសាកល្បងជាបន្តបន្ទាប់។ ក្នុងករណីមាន ការរកឃើញណាមួយ ដោយត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និងព្យាបាលអ្នកជំងឺបន្ទាន់។ ត្រៀមក្រុមពេទ្យ ដោយរៀបចំតាមផ្នែកនីមួយៗ សម្រាប់ការធ្វើតេស្តវិភាគសំណាក (Sample Testing Screening) និងព្យាបាល។ ត្រៀមឧបករណ៍ និងសម្ភារមន្ទីរពិសោធន៍ ព្រមទាំងឱសថ និង PPE។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បន្តរៀបចំជាសារអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ អំពីវិធានការផ្សេងៗ។ ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ និងផ្ដល់ព័ត៌មានឱ្យបានទាន់ពេលវេលា៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





