រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៦
AKP កំពង់ធំ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៦ -- ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានលើកយករបៀបវារៈនៃកិច្ចប្រជុំចំនួន៣ ដែលរួមមាន ១.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និង៣.បញ្ហាផ្សេងៗ។


ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍ព្រំដែន និងសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការស្តារឡើងវិញនូវសន្តិភាព ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងអំពីការគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ បន្ទាប់ពីភាគីថៃបានសម្រេចចិត្តលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគី។


ឯកឧត្តមបានបន្តថា បើទោះបីជាប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពនៃប្រទេសជិតខាងក៏ដោយ ក៏សម្ដេចមហាបវរធិបតីតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់រក្សានូវប្រក្រតីភាពនៃការបំពេញការងារបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងការដ្ឋានគម្រោងនានារបស់រដ្ឋបាលខេត្តបាននិងកំពុងដំណើរការទៅមុខ ដែលនឹងក្លាយជាបច្ច័យវិជ្ជមានក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ៕

ដោយ៖ ស៊ុម វណ្ណា





