អាជ្ញាធរទន្លេសាប និងក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពី «គំនិតផ្តួចផ្តើមបរិស្ថានប្រកបដោយចីរភាពទន្លេសាប»
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៦ -- លោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីបច្ចេកទេសចូលរួមសិក្ខាសាលា ស្តីពី «គំនិតផ្តួចផ្តើមបរិស្ថានប្រកបដោយចីរភាពទន្លេសាប» ដែលជាកម្មវិធីស្នូលរយៈពេលវែង ដែលរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីស្តារ និងលើកកម្ពស់ប្រព័ន្ធបរិស្ថាន និងសេដ្ឋកិច្ចនៅតំបន់បឹងទន្លេសាប និងតំបន់ទំនាបលិចទឹកឱ្យមានភាពប្រសើរឡើងវិញ។
កម្មវិធីអនុវត្តគំនិតផ្តួចផ្តើមរយៈពេលវែងប្រកបដោយចីរភាព ដើម្បីរួមចំណែកលើកកម្ពស់សុខភាពបរិស្ថាននៃបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១-កាត់បន្ថយកាកសំណល់ និងការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប តំបន់ប្រភពទឹកខាងលើ តំបន់ដីសើម និងតំបន់បរិស្ថានដែលងាយរងគ្រោះ ទី២-កាត់បន្ថយវត្តមានរបស់ប្រភេទរុក្ខជាតិទឹកដែលមិនល្អនៅក្នុងបឹង និងតំបន់ដីសើមជុំវិញ ទី៣-ជំរុញការធ្វើពិពិធកម្មជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយមិនពឹងផ្អែកតែលើវិស័យនេសាទ តាមរយៈការបង្កើតការងារបៃតង និងការអភិវឌ្ឍអេកូទេសចរណ៍ធម្មជាតិ និងទី៤-ស្តារ និងដាំព្រៃឡើងវិញនៅតំបន់ទំនាបលិចទឹកដែលរងការរេចរឹល ព្រមទាំងដាក់ចេញវិធានការអភិរក្សដើម្បីការពារព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

នៅក្នុងដំណាក់កាលទី១ កម្មវិធីនេះផ្តោតទៅលើខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង ហើយនឹងបន្តពង្រីកទៅកាន់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ធំ ដោយនៅក្នុងដំណាក់កាលទី២ និងទី៣ នៃកម្មវិធីនេះ ដើម្បីសម្រេចបាននូវគោលដៅ និងសកម្មភាពខាងលើ ក្រុមការងារខិតខំកៀរគរហិរញ្ញប្បទានអាកាសធាតុ ជាពិសេសពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) នៅតែជាអាទិភាពសម្រាប់ប្រទេសកម្ពុជា។


លោក ខូវ មាស ក៏បានបញ្ជាក់ដែរថា អំពីលិខិតលេខ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានឯកភាពជាគោលការណ៍ជូនក្រសួងធនធានទឹក និងឧតុនិយម ដែលមានអាជ្ញាធរទន្លេសាបជាអ្នកអនុវត្តន៍ សហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញនៅតាមទីតាំងដែលរងនូវការទន្រ្ទាននាពេលកន្លងមក និងតំបន់រេចរឹលនៅជុំវិញតំបន់បឹងទន្លេសាប៕

ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





