អង្គវិបស្សនាក្នុងការត្រួតពិនិត្យសៀវភៅ និងវិធីសាស្ត្រក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅក្នុងការរៀន និងបង្រៀននៅកម្រិតមធ្យមសិក្សា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី0២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងអង្គវិបស្សនាក្នុងការត្រួតពិនិត្យសៀវភៅ និងវិធីសាស្ត្រក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅក្នុងការរៀន និងបង្រៀននៅកម្រិតមធ្យមសិក្សា ដោយមានការចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធក្រោមឱវាទជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃអង្គវិបស្សនានេះដោយលើកឡើងថា កញ្ចប់ធនធានសិក្សាជាការសម្រាយបំភ្លឺនូវបទពិសោធនៃការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី ការធ្វើរង្វាយតម្លៃតាមបែប PISA ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាអប់រំនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងដំណើរការគ្រប់គ្រងការបង្រៀនដែលលទ្ធផល និងវឌ្ឍនភាពនៃកញ្ចប់ធនធានសិក្សាដែលបានអភិវឌ្ឍរួមមាន៖
១. កម្រងគំរូកិច្ចតែងការបង្រៀន ៖ ជាគំរូកិច្ចតែងការដែលបានសហការបង្កើត (Co- create) ជាមួយគរុសិស្ស និស្សិត នៅឆ្នាំ២០២៥ សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ពីថ្នាក់ទី៧ដល់ទី១២។
២. ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតជាជំនួយដល់ការបង្រៀន និងរៀន៖ ជាការចែករំលែកបទពិសោធន៍របស់គ្រូបង្រៀនតាមមុខវិជ្ជាផ្សេងៗគ្នា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាជំនួយដល់ការបង្កើតរូបភាព ការបង្កើនចំណេះដឹង ការផលិតវីដេអូជាដើម។


៣. សំណួរតេស្តគំរូនៃកម្មវិធីអន្តរជាតិ(PISA) ស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស៖ ជាការប្រមូលគំរូសំណួរដែលគ្រូបង្រៀនបានបង្កើត និងអនុវត្តនាពេលកន្លងមកតាមមុខវិជ្ជា និងកម្រិតថ្នាក់
ផ្សេងៗគ្នា ដើម្បីបង្វឹកការត្រៀមលក្ខណៈរបស់សិស្សក្នុងការវាយតម្លៃលទ្ធផលនៃការសិក្សាតាមគំរូ PISA។
៤. យុទ្ធវិធីបង្រៀន៖ ជាសៀវភៅចងក្រងចេញពីពាក្យសម្តីដែលគ្រូបង្រៀនបាននិយាយនៅក្នុងវីដេអូគ្លីបស្តីពីរបៀបនៃការជ្រើសរើស និងប្រើប្រាស់យុទ្ធវិធីបង្រៀនផ្សេងៗគ្នា ដែលគ្រូប្រើប្រាស់ដោយផ្ទាល់នៅក្នុងម៉ោងសិក្សា ។

៥. វិធីសាស្ត្របង្រៀន៖ ជាសៀវភៅចងក្រងចេញពីពាក្យសម្តីដែលគ្រូបង្រៀន បាននិយាយនៅក្នុងវីដេអូគ្លីបស្តីពីបទពិសោធនៃការជ្រើសរើសវិធីសាស្ត្រផ្សេងៗគ្នាក្នុងការបង្រៀន។
៦. ល្បែងសិក្សា៖ ជាផ្នែកមួយដែលបំបែកចេញពីសៀវភៅ “យុទ្ធវិធីបង្រៀន” ហើយផ្តោតលើសកម្មភាពក្នុងថ្នាក់រៀនដែលបង្កើតជាបរិយាកាសកម្សាន្តសប្បាយ និងពង្រឹងដល់កិច្ចសហការ និងការកសាងមិត្តភាពរវាងសិស្សនៅក្នុងថ្នាក់។
៧. ល្បែងឋាមពល៖ ជាការបរិយាយពីសកម្មភាពថ្នាក់រៀន ដែលមានអន្តរកម្មខ្ពស់ និងដែលគ្រូអាចអនុវត្តនៅដើម កណ្តាល ឬចុងម៉ោងសិក្សា នៅពេលដែលសិស្សមានភាពនឿយណាយ ឬពុំអាចផ្តោតអារម្មណ៍បានខ្ពស់ដើម្បីសិក្សា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





