ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣០គ្រួសារនៅស្រុកកំពង់សៀមទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦--លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ព្រមទាំងសហការី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា
ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣០គ្រួសារ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ បណ្តាលឱ្យផ្ទះ របស់ប្រជាពលរដ្ឋចំនួន៣០ខ្នង ក្នុង ឃុំស្រក ស្រុកកំពង់សៀម រងផលប៉ះពាល់កម្រិតមធ្យមនិង ស្រាល ។

ថ្លែងក្នុងពិធី សំណេះសំណាលនោះ ចាន់ វ៉ាន់ អភិបាលរងខេត្តបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះដើមរដូវវស្សាជិត មកដល់ហើយ។

ចំពោះអំណោយដែល ផ្តល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣០គ្រួសារ ក្នុងនោះ គ្រួសារពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ៨គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ១៥០០០០ រៀល ។ ១៦គ្រួសារគ្រួសាកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន១០០០០០រៀល និង ៦គ្រួសារទៀត គ្រាន់តែរងផលប៉ះពាល់ ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន៥០០០០រៀល ៕

ដោយ ឆាយ ម៉ុត





