សភាកម្ពុជារៀបចំសិក្ខាសាលាស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បិនិម្មិតនៅក្នុងសភា” នៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦--មានសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងសភាប្រើភាសាបារាំងមកពី១៥ប្រទេស និងអង្គការ ហ្រ្វង់កូហ្វូនី ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងសភាប្រើភាសាបារាំង រួមទាំងវាគ្មិន អង្គទូត ក្រសួង/ស្ថាប័នរដ្ឋ និងសហគមន៍ប្រើភាសាបារាំងប្រមាណជាង ១៣០រូបបានចូលរួមក្នុងសិក្ខាសាលានៃសភាប្រើភាសាបារាំងស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បិនិម្មិតនៅក្នុងសភា” នៅខេត្តសៀមរាប។

ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា ក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា នេះជាឱកាសដំបូងដែលសភាកម្ពុជាបានសហការជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី រៀបចំសិក្ខាសាលានាពេលនេះ និងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈ និងគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅលើទឹកដីខេត្តសៀមរាប ដែលជាបេះដូងនៃវប្បធម៌ដ៏សម្បូរបែប និងជាដែនដីបេតិកភ័ណ្ឌដ៏រុងរឿងមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសភាកម្ពុជា និងសភាប្រើភាសាបារាំងជាច្រើនឆ្នាំកន្លងមកនេះ ក្នុងការរៀបចំសិក្ខាសាលាក្របខ័ណ្ឌសភាជាច្រើនលើកលើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ថវិកាជាតិ ការទូតសភា ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតាមជនបទ វិធីសាស្រ្តសម្របសម្រួលក្នុងកិច្ចការសភា និងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជាជាដើម ដែលសុទ្ធសឹងតែជាប្រធានបទដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ននីតិប្បញ្ញតិ្ត។


ស្របតាមគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកពីសភានានា ក្នុងលំហហ្រ្វង់កូ ហ្វូនីជូនសមាជិក សមាជិកាសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានសភាកម្ពុជា ឯកឧត្តម អគ្គលេខាធិការរងបានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរការងារប្រពៃណីឱ្យកាន់តែងាយស្រួល និងរហ័ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងតម្លាភាព និងប្រជាធិបតេយ្យក្នុងស្ថាប័នសភា ប៉ុន្តែក៏មានហានិភ័យដែលមិនអាចប្រកែកបាន ហើយការណ៍នេះ ទាមទារឱ្យយើងមានការគិតគូររួមគ្នា និងទទួលខុសត្រូវខ្ពស់ជាងមុនលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ព្រមទាំងធ្វើបរិវត្តកម្ម និងកំណត់បទដ្ឋានគតិយុត្តសម្រាប់បច្ចេកវិទ្យានេះឱ្យបានសមស្របប្រកបដោយនវានុវត្តន៍ និងបរិយាបន្ន៕
ដោយ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





