រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបុណ្យវិសាខបូជានៅវត្តឥន្ទ្រីយ៍សំវីរៈ
AKP កំពង់ធំ ថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៦--ឯកឧត្តម ជាតិ ស៉ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ហាន កុសលអភិបាលរងខេត្តនិងលោកស្រី តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនអង្គ/នាក់បាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជាស្ថិតនៅវត្តឥន្ទ្រីយ៍សំវរៈ(វត្តកំពង់ធំ) ស្តិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៦។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំបានលើកឡើងពីបុណ្យវិសាខបូជាជាបុណ្យសាសនាដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក។បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ។បុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ ដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូនាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើត ខែពិសាខដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។

ព្រះទេពសត្ថា សៀង សុខ បានមានសង្ឃដីកាថា ការប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣គឺ៖១.ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា។ ២.ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ។ ៣.ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន។បុណ្យនេះមានដើមកំណើតពីប្រទេសឥណ្ឌា ដែលជាទីកំណើតនៃព្រះពុទ្ធសាសនា ហើយបន្តផ្សព្វផ្សាយទៅកាន់ប្រទេសនានា ក្នុងតំបន់អាស៊ីដូចជា កម្ពុជា ថៃ ស្រីលង្កា និងប្រទេសផ្សេងៗទៀត។ការទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ១៩៩៩អង្គការសហប្រជាជាតិ បានទទួលស្គាល់បុណ្យវិសាខបូជា ជាព្រឹត្តិការណ៍អន្តរជាតិដើម្បីគោរពចំពោះការបង្រៀនរបស់ព្រះពុទ្ធ។


ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំមានសង្ឃដីកាថា របៀបប្រារព្ធនៅកម្ពុជា បុណ្យនេះជាថ្ងៃឈប់សម្រាកជាតិពុទ្ធសាសនិកធ្វើសកម្មភាពដូចជាទៅវត្តស្ដាប់ធម៌ ធ្វើបុណ្យទាន ដុតទៀន និងដង្ហែព្រះពុទ្ធរូបរំលឹកនិងគោរពព្រះធម៌។បុណ្យវិសាខបូជាមិនត្រឹមតែជាការរំលឹកប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែជាឱកាសសម្រាប់មនុស្សអនុវត្តលទ្ធិធម៌និងបង្កើនសេចក្ដីសុខផ្លូវចិត្តផងដែរ៕
ដោយ ស៊ុម វណ្ណា





