រដ្ឋបាលខេត្តកែប រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើពិធីដង្ហែបុណ្យវិសាខបូជាទៅកាន់មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប
AKP កែប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តកែប ដឹកនាំដោយលោក ស្រី គឹម ចន្នី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ត្រីក្រោមឱវាទ រួមជាមួយបុណ្យពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមក្នុងពិធីដង្ហែរបុណ្យវិសាខបូជា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ហៅវត្តសមាធិ ដែលស្ថិតនៅភូមិកែប ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី គឹម ចន្នី អភិបាលរងខេត្ត មានប្រសាសន៍ដែរថា បុណ្យវិសាខបូជានេះ គឺជាបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកទាំងអស់ក្នុងពិភាពលោកតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងថ្ងៃ១៥កើត ខែពិសាខ ដើម្បីរំលឹកដល់ខួបនៃការប្រសូត្រ ត្រាស់ដឹង និងចូលព្រះនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ។ ការប្រារព្ធនៅពិធីបុណ្យវិសាខបូជានេះ មិនត្រឹមតែរំលឹកដល់ហេតុទាំង៣ប្រការៈ ថែមទាំងពញាក់ស្មារតីដល់កូនខ្មែរជំនាន់ក្រោយដោយបានយល់ដឹងកាន់តែច្បាស់ពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងចូលរួមថែរក្សាឱ្យបានកាន់គង់វង្ស ។

លោកស្រីបន្តថា ការប្រារព្ធធ្វើឡើងនូវបុណ្យវិសាខបូជា ក៏ជាផ្នែកមួយដ៏សំខាន់ធ្វើអោយប្រជាពលរដ្ឋគ្រប់រូបចេះស្រឡាញ់ និងសាមគ្គីភាពគ្នាក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នា ការរួមសុខទុក្ខ និងការចែករំលែកឱ្យគ្នាទៅវិញទៅមក។
សូមជម្រាបថា ពិធីបុណ្យវិសាខបូជានៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប មានរយៈពេល២ថ្ងៃ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំពិធីដង្ហែព្រះពុទ្ធរូប គ្រឿងសក្ការៈ ផ្កាភ្ញី និង ធ្វើបទនមស្សការ សូត្រមន្ត និងថ្វាយផ្កា។ សម្រាប់ព្រឹកថ្ងៃទី០២ ខែឆ្នាំដដែល មាននិមន្តព្រះសង្ឃ ៧០ អង្គបិណ្ឌបាតជាកិច្ចបង្ហើយបុណ្យ៕


ដោយ AKP





