ប្រមុខការទូតកម្ពុជាសម្តែងការសោកស្តាយចំពោះភាគីថៃ គ្រោងនឹងលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ ដែលនឹងប៉ះពាល់ទៅដល់ទំនាក់ទំរវាងរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦--
ប្រមុខការទូតកម្ពុជាបានសម្តែងនូវការសោកស្តាយចំពោះភាគីថៃ ដែលគ្រោងនឹងលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ (MoU 2001) រវាងកម្ពុជា និងថៃ ទាក់ទងទៅនឹងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នានៃប្រទេសទាំងពីរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្ដីពី ភាគីថៃ គ្រោងនឹងលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១(MoU 2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនសមុទ្រកម្ពុជា ជាមួយទូរទស្សន៍ជាតិកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយដែលប្ររទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ២០០១ ដែលនាំឱ្យយើងហៅវាថា (MoU 2001) នោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានសម្តែងនូវការសោកស្តាយរួចមកហើយចំពោះការសម្រេចចិត្តមួយនេះតាម រយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួនពីរលើក លើកទី១ នៅថ្ងៃទី៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា អនុស្សរណៈនេះ គឺជាអនុស្សរណៈដែលមានលក្ខណៈលើសពីកិច្ចព្រមព្រៀងខាងផ្នែកបច្ចេកទេសទៅទៀត។ «អ៊ីចឹងហើយបានជាយើងមានការសោកស្តាយ សោកស្តាយត្រង់ថាអនុស្សរណៈនេះក៏មានអត្ថន័យខាងនយោបាយធំធេងមួយដែរសម្រាប់ប្រទេសទាំងពីរ ព្រោះវាបង្ហាញឱ្យឃើញអំពីសុឆ្ទៈរបស់ប្រទេសទាំងពីរ និងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរតាមរយៈនៃការព្រមព្រៀងគ្នាទៅលើក្របខ័ណ្ឌទ្វេភាគីមួយ ដើម្បីធ្វើអាជីវកម្មរួមគ្នាក្នុងតំបន់ដែលត្រួតស៊ីគ្នានៅតំបន់ខ្ពង់រាបបាតសមុទ្រដោយផ្អែកទៅលើច្បាប់អន្តរជាតិ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
សូមជម្រាបជូនថា តាមរយៈអនុស្សរណៈឆ្នាំ២០០១នេះ ក៏ជាក្របខ័ណមួយកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរដែរ ផ្អែកលើច្បាប់អន្ដរជាតិ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការ និងបម្រើវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ កម្ពុជា និងថៃ។
ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានអះអាងដែរថា៖ «យើងក៏សម្តែងនូវការសោកស្តាយចំពោះការបាត់បង់នូវអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០០១ (MoU 2001)នេះ ដែលវានឹងប៉ះពាល់ទៅដល់ទំនាក់ទំរវាងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ផងដែរ»៕

ដោយ៖ ចាន់ សុភឿន





