កសិដ្ឋានមួយនៅស្រុកម៉ាឡៃមានត្រីត្រៀមផ្គត់ផ្គង់ទីផ្សារជិត ៤.០០០តោន ខណៈមន្ត្រីជំនាញកំពុងអន្តរាគមន៍រឿងទីផ្សារ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញផលិតកម្មជលផលក្នុងស្រុក និងពង្រឹងសន្តិសុខស្បៀង ថ្នាក់ដឹកនាំជលផលខេត្តបន្ទាយមានជ័យបានចុះផ្ទាល់ដល់មូលដ្ឋានដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងស្វែងរកដំណោះស្រាយចំពោះបញ្ហាទីផ្សារ ដែលជាកង្វល់ចម្បងរបស់វារីវប្បករ។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារបច្ចេកទេស បានចុះពិនិត្យ និងស្រង់ស្ថិតិវារីវប្បកម្មនៅកសិដ្ឋានរបស់លោក ប៉ាង ណាគ្រី ដែលជាកសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ការចុះជួបផ្ទាល់នេះ មិនត្រឹមតែជាការប្រមូលទិន្នន័យសម្រាប់ផែនការយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលជលផលក្នុងការគាំទ្រដល់អ្នកវិនិយោគក្នុងស្រុកដែលហ៊ានពង្រីកសក្តានុពលលើវិស័យវារីវប្បកម្ម។ តាមរយៈការចុះពិនិត្យជាក់ស្តែង កសិដ្ឋានរបស់លោក ប៉ាង ណាគ្រី បានក្លាយជាគំរូនៃវារីវប្បកម្មខ្នាតធំ ដែលមានការរៀបចំយ៉ាងមានរបៀបរៀបរយ។ បច្ចុប្បន្ន កសិដ្ឋានបានពង្រីកផ្ទៃដីចិញ្ចឹមរហូតដល់ ៣០០ហិកតា ដោយមានស្រះសរុបចំនួន ៥៥ ស្រះ។ ប្រភេទត្រី និងបរិមាណផលដែលត្រៀមផ្គត់ផ្គង់ទីផ្សាររួមមាន ត្រីឆ្តោរ ២៥ស្រះ (ទិន្នផលប្រមាណ ១.៥០០តោន) ត្រីប្រា ១០ស្រះ (ទិន្នផលប្រមាណ ១.០០០តោន) ត្រីពោ ១០ស្រះ (ទិន្នផលប្រមាណ ៨០០តោន) ត្រីទីឡាព្យា ៥ស្រះ (ទិន្នផលប្រមាណ ៣០០តោន) ត្រីចម្រុះ ៥ស្រះ (ទិន្នផលប្រមាណ ៣០០តោន) សរុបជាដុំកំភួន កសិដ្ឋាននេះមានសមត្ថភាពផលិតត្រីបានជិត ៤.០០០តោន ដែលជាចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស។

ក្នុងឱកាសនោះ លោក ឡុញ វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋាន ដែលបានវិនិយោគទាំងកម្លាំងកាយចិត្ត និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោកបានបញ្ជាក់ថា រដ្ឋបាលជលផល មិនត្រឹមតែចុះមកពិនិត្យបច្ចេកទេសចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែគោលដៅសំខាន់ គឺការជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយទីផ្សារជូនបងប្អូនវារីវប្បករ។ យើងនឹងបន្តជំរុញការផ្សារភ្ជាប់រវាងអ្នកផលិត និងអាជីវករ ក៏ដូចជាការពិនិត្យលើការនាំចូលត្រីពីខាងក្រៅ ដើម្បីធានាថា ត្រីក្នុងស្រុកមានកន្លែងលក់ចេញក្នុងតម្លៃសមរម្យ។

ចំណែក លោក ប៉ាង ណាគ្រី ម្ចាស់កសិដ្ឋាន បានសម្តែងនូវក្តីរំភើប និងសេចក្តីត្រេកអរដែលថ្នាក់ដឹកនាំជលផលចុះមកដល់ទីតាំងផ្ទាល់។ លោកបានរៀបរាប់ថា ការចិញ្ចឹមត្រីក្នុងទ្រង់ទ្រាយធំបែបនេះ ត្រូវការការចំណាយខ្ពស់លើចំណី និងការថែទាំ។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលកសិករដូចរូបខ្ញុំបារម្ភបំផុត គឺបញ្ហាទីផ្សារ និងតម្លៃ។ បើទីផ្សារមានស្ថេរភាព ហើយការនាំចូលត្រូវបានគ្រប់គ្រងបានល្អ នោះយើងនឹងមានកម្លាំងចិត្តក្នុងការបង្កើនផលិតកម្មបន្ថែមទៀត ដើម្បីបម្រើតម្រូវការហូបចុករបស់ប្រជាពលរដ្ឋយើង។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយខណ្ឌរដ្ឋបាលជលផល គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វារីវប្បករក្នុងស្រុកម៉ាឡៃ។ ភាពជោគជ័យនៃកសិដ្ឋាន ប៉ាង ណាគ្រី គឺជាសក្ខីភាពនៃភាពរឹងមាំនៃវិស័យកសិកម្មកម្ពុជា ប៉ុន្តែវាក៏ទាមទារនូវយន្តការគាំពារទីផ្សារឱ្យបានច្បាស់លាស់ពីរដ្ឋបាលជំនាញ ដើម្បីធានាបាននូវនិរន្តរភាពសេដ្ឋកិច្ចសម្រាប់កសិករក្នុងស្រុកតទៅអនាគត៕
ដោយ៖ ឈុន សារ៉ាត





