ព្រឹត្តិការណ៍ Daiichi Junior Cup ជាការគាំទ្រកីឡាបាល់ទាត់បែបសហគមន៍ ដែលជាមាគ៌ាដ៏សំខាន់សម្រាប់ការអភិវឌ្ឍយុវជននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ ឆ្នាំ២០២៦ ដែលប្រកួតកម្រិតអាយុកុមារក្រោម១២ឆ្នាំ និង១៤ឆ្នាំ ត្រូវបានចាត់ទុកថាជាការលើកកម្ពស់កីឡាបាល់ទាត់កម្រិតសហគមន៍ ដែលមាគ៌ាដ៏សំខាន់សម្រាប់ការអភិវឌ្ឍយុវជននៅកម្ពុជា ហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ផងដែរ។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងជារដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មានស្តីការការសម្ពោធជាផ្លូវការ ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងចាប់យកវិស័យកីឡាជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់វិន័យ សុខភាព និងកិត្តិយសជាតិ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះ យើងធានាថាកុមារនៅកម្ពុជាអាចអភិវឌ្ឍខ្លួនក្លាយទៅជាយុវជនកម្ពុជាជំនាន់ក្រោយ ដែលប្រកបទៅដាយសុខុមាលភាពល្អ និងភាពធន់។ លើសពីនេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យក៏បានលើកបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់សុខភាពកុមារ តាមរយៈការប្រកួតកីឡាបាល់ទាត់កុមារនេះ។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងថា «កម្មវិធីថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់វិស័យធានារ៉ាប់រង ក្នុងការផ្តល់ជូនសហគមន៍កម្ពុជាលើសពីការការពារហិរញ្ញវត្ថុ ពោលគឺការកសាង សហគមន៍មួយប្រកបដាយសុខុមាលភាពល្អ និងភាពធន់ ព្រមទាំងបានចូលរួមចំណែកក្នុងការកសាង មូលធនមនុស្សកម្ពុជាប្រកបដាយសុខភាពល្អ វិន័យ និងក្រមសីលធម៌ខ្ពស់។
ជាមួយគ្នានេះ លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អិឈិ ឡាយហ្វី គូសបញ្ជាក់ដែរថា៖ «ដាយ អិឈិ ឡាយហ្វ មានមោទនភាពក្នុងការជំរុញ លើកកម្ពស់ទំពាំងស្នងឫស្សីនៃប្រទេសកម្ពុជា តាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍នេះ។ យើងសង្ឃឹមថានឹងអាចធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងអនាគតកាន់តែភ្លឺស្វាង និងប្រកបដាយ សុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល»។
លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិនៃក្រុមហ៊ុន PEAK Digital ដែលជាអ្នកសហការរៀបចំការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១នេះបានបញ្ជាក់ថា តាមរយៈ Daiichi Junior Cup យើងមិនត្រឹមតែបង្កើតការប្រកួតមួយទេ ប៉ុន្តែយើងកំពុងបង្កើតវេទិកាមួយ វេទិកាដែលភ្ជាប់គ្នារវាងកីឡា សហគមន៍ និងអនាគត។ កីឡា បង្រៀនយើងអោយមានវិន័យ កីឡា បង្កើតអត្តចរិត កីឡាភ្ជាប់មនុស្សជាមួយគ្នា ហើយនៅពេលដែលយើងមានវេទិកាត្រឹមត្រូវវានឹងក្លាយជាឱកាសដ៏មានអត្ថន័យសម្រាប់យុវជនក្នុងការលូតលាស់ និងរីកចម្រើន។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ ឆ្នាំ២០២៦ ទទួលបានការគាំទ្រពីក្រសួងអប់រំ និង NOCC ដែលបង្ហាញពីបេសកកម្មរបស់ក្រុមហ៊ុន ដាយ អិឈិ ឡាយហ្វ ក្នុងការផ្តល់ជូនសហគមន៍ ជាការប្រកួតបាល់ទាត់បែបសហគមន៍ក្នុងគោលបំណងលើកកម្ពស់កុមារនៅកម្ពុជា តាមរយៈលើសពីការការពារអាយុជីវិត។ ការប្រកួតជម្រុះនឹងប្រព្រឹត្តទៅចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តបាត់ ដំបង និងសៀមរាប ជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រនៅខែសីហា ឆ្នាំ២០២៦៕
ដោយ ហេង ណាលីន





