តំណាងរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ ក្នុងសន្និសីទសកល "Women Deliver 2026" នៅប្រទេសអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- លោកជំទាវ ឡោក ខេង ប្រធានគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចូលរួមក្នុងសន្និសីទសកល “Women Deliver 2026” នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ លោក ជំទាវ ឡោក ខេង បានចូលរួមពិភាក្សា និងចែករំលែកអំពីវឌ្ឍនភាពរបស់សភាកម្ពុជា ក្នុងការជំរុញសមភាពយេនឌ័រ ព្រមទាំងដកស្រង់បទពិសោធន៍យុទ្ធ សាស្ត្រពី បណ្តាប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល។

បញ្ហាស្នូលដែលត្រូវបានលើកយកមកពិភាក្សា៖
១. សន្តិសុខសម្រាប់អនាគតក្មេងស្រី៖ ការពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនលើការងារសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ (SRHR) ក្នុងយុគសម័យឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
២. សិទ្ធិស្ត្រីជនជាតិដើមភាគតិច និងយុត្តិធម៌អាកាសធាតុ៖ ការពិភាក្សាលើការទទួលបានហិរញ្ញប្បទានប្រកបដោយសមធម៌ សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់ស្ត្រីជនជាតិដើម។
៣. ការផ្ទេរចំណេះដឹងអន្តរជំនាន់៖ ការរៀបចំផែនការបន្តវេន ដោយបញ្ជ្រាបយុវជនទៅក្នុងតួនាទីអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ដើម្បីធានានិរន្តរភាពការងារ។

ក្នុងនាមជាតំណាងរដ្ឋសភាកម្ពុជា លោកជំទាវ ឡោក ខេង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តច្បាប់ជាតិ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីធានាថា “គ្មានស្ត្រី ឬ យុវជនណាម្នាក់ត្រូវបានបោះបង់ចោល” ឡើយ។

សូមជម្រាបថា សន្និសីទ “Women Deliver 2026” គឺជាវេទិកាកម្រិតខ្ពស់ដែលផ្តោតលើការដោះស្រាយបញ្ហាប្រ ឈមជុំវិញយេនឌ័រ សុខភាព យុវជន ភាពជាអ្នកដឹកនាំ ការប្រែប្រួលអាកាស ធាតុ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រេចឱ្យបាននូវយុត្តិធម៌សង្គម៕



ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





