លីបង់និយាយថា អ៊ីស្រាអែលត្រូវតែគោរពតាមបទឈប់បាញ់ ហើយកិច្ចចរចាគឺជាគន្លឹះនៃសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អេអួន (Joseph Aoun) បានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះថាសន្តិសុខយូរអង្វែងអាចសម្រេចបានតែតាមរយៈការទូត និងកិច្ចចរចាជាជាងកម្លាំងយោធា។ លោកបានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តបទឈប់បាញ់បច្ចុប្បន្នឱ្យបានយ៉ាងពេញលេញ និងបញ្ឈប់ការរំលោភបំពានជាបន្តបន្ទាប់ដោយអះអាងថា ការប៉ុនប៉ងកន្លងមកដើម្បីសម្រេចបានសន្តិសុខតាមរយៈការបំផ្លិចបំផ្លាញបានបរាជ័យ។
លោក អេអូន បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសភា និងនាយករដ្ឋមន្ត្រីលីបង់ ដើម្បីធានាបាននូវវិធីសាស្រ្តបង្រួបបង្រួមមួយក្នុងការបញ្ចប់សង្គ្រាម។
លោកប្រធានាធិបតីបានសម្តែងការត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាបន្ថែមទៀត ដោយបញ្ជាក់ថា ប្រទេសលីបង់កំពុងរង់ចាំសហរដ្ឋអាមេរិកកំណត់កាលបរិច្ឆេទជាផ្លូវការសម្រាប់កិច្ចចរចា។ ការជំរុញការទូតនេះ ធ្វើឡើងបន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ថ្ងៃដំបូង ដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ ខែមេសា ដែលទើបតែត្រូវបានបន្តរយៈពេលបីសប្តាហ៍ទៀត។
លោក អេអូន បានគូសបញ្ជាក់ពីការឯកភាពគ្នាយ៉ាងទូលំទូលាយសម្រាប់សន្តិភាពក្នុងចំណោមប្រជាជនលីបង់ ជាពិសេសប្រជាជននៅភាគខាងត្បូង ក៏ដូចជាការគាំទ្រពីសហភាពអឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់។
ភាពបន្ទាន់សម្រាប់ដំណោះស្រាយមួយ ត្រូវបានគូសបញ្ជាក់ដោយផលប៉ះពាល់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៃជម្លោះ។ យោងតាមតួលេខផ្លូវការរបស់លីបង់ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មក បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង២.៥០០នាក់ ហើយប្រមាណជិត ៨.០០០នាក់រងរបួស និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាង ១,៦លាននាក់។ លោក អេអូន បានពិពណ៌នាអំពីឱកាសការទូតបច្ចុប្បន្នថា ជាឱកាសដ៏សំខាន់មួយដែលត្រូវតែចាប់យកដើម្បីដឹកនាំប្រទេសឱ្យវិលត្រឡប់ទៅរកសុវត្ថិភាព និងស្ថិរភាពវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





