សេតវិមាន៖ លោក ដូណាល់ ត្រាំ ពិភាក្សាជាមួយក្រុមសន្តិសុខទៅលើសំណើបើកច្រកសមុទ្រហ័រមុសរបស់អ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមសន្តិសុខជាតិរបស់លោកអំពីសំណើរបស់អ៊ីរ៉ង់ ស្តីពីការបើកច្រកសមុទ្រហ័រមុសឡើងវិញ។ នេះបើយោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លាវីតត៍ (Karoline Leavitt)។
លោកស្រី លាវីតត៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា«ខ្ញុំនឹងបញ្ជាក់ថាលោកប្រធានាធិបតីបានជួបជាមួយក្រុមសន្តិសុខជាតិរបស់លោក ហើយសំណើនេះកំពុងត្រូវបានពិភាក្សា»។
កាលពីថ្ងៃទី១៣ ខែមេសា កងទ័ពជើងទឹកអាម៉េរិកបានចាប់ផ្តើមបិទចរាចរណ៍ផ្លូវសមុទ្រទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់នៅសងខាងនៃច្រកសមុទ្រហ័រមុស ដែលជាផ្លូវទឹកមួយដឹកជញ្ជូនប្រេងផលិតផលប្រេងកាត និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% របស់ពិភពលោក។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា នាវាដែលមិនមែនជារបស់អ៊ីរ៉ង់មានសេរីភាពក្នុងការឆ្លងកាត់ច្រកសមុទ្រនេះ ដរាបណាពួកគេមិនបង់ថ្លៃផ្លូវទៅទីក្រុងតេអេរ៉ង់។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការខូចខាត និងជនស៊ីវិលស្លាប់។ នៅថ្ងៃទី០៧ ខែមេសា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍។ កិច្ចចរចាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ដោយមិនមានលទ្ធផលច្បាស់លាស់។ ខណៈដែលមិនមានការប្រកាសពីការបន្តអរិភាពឡើងវិញ សហរដ្ឋអាមេរិកបានចាប់ផ្តើមបិទផ្លូវកំពង់ផែអ៊ីរ៉ង់។
នៅថ្ងៃទី២១ ខែមេសា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ខណៈដែលបន្តបិទផ្លូវកំពង់ផែអ៊ីរ៉ង់។សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីអាម៉េរិកដែលបាននិយាយថា លោក ត្រាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តបទឈប់បាញ់រយៈពេលបីទៅប្រាំថ្ងៃទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





